ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យរដ្ឋមន្ត្រីការពារជាតិរបស់គាត់ កំណត់បទឈប់បាញ់រយៈពេល ៣៦ម៉ោង នៅសមរភូមិជួរមុខក្នុងប្រទេសអ៊ុយក្រែន ដោយចាប់ផ្តើមពីថ្ងៃសុក្រទី០៦ខែមករានេះទៅ។
បទឈប់បាញ់ដែលគ្រោងចាប់ផ្តើមនៅម៉ោង ១២:០០ ថ្ងៃត្រង់ (ម៉ោងនៅទីក្រុងមូស្គូ) គឺស្របពេលជាមួយនឹងបុណ្យណូអែលគ្រិស្តអូស្សូដក់របស់រុស្ស៊ី។
ទន្ទឹមនោះ លោក ពូទីន បាន ស្នើ ឲ្យ អ៊ុយក្រែន ប្រកាសបទឈប់បាញ់វិញដែរ ប៉ុន្តែទី ក្រុង កៀវ បាន ច្រាន ចោល សំណើ នេះ ភ្លាមៗ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា បទឈប់បាញ់នេះគឺគ្រាន់តែជាការប៉ុនប៉ង ដើម្បីបញ្ឈប់ការប្រយុទ្ធរបស់យោធាអ៊ុយក្រែននៅក្នុងតំបន់ Donbas ភាគខាងកើត ហើយរុស្ស៊ីនាំយកមនុស្ស និងឧបករណ៍ចូលបន្ថែមទៀត ប៉ុណ្ណោះ។
សម្តេចសង្ឃ Kirill របស់ទីក្រុងមូស្គូ បានអំពាវនាវឲ្យមានបទឈប់បាញ់បុណ្យណូអែល ដើម្បីអនុញ្ញាតឲ្យអ្នកមានជំនឿ ចូលរួមក្នុងពិធីព្រះវិហារសម្រាប់បុណ្យណូអែលគ្រិស្តអូស្សូដក់។ បើយោងតាមប្រតិទិន Julian, ព្រះវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី គឺប្រារព្ធពិធីបុណ្យណូអែលនៅថ្ងៃទី៧ខែមករា៕



ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក




