កងទ័ពមីយ៉ាន់ម៉ា និងសព្វាវុធ បានដង្ហែតាមរដ្ឋធានី ណៃពិដោ ដើម្បីប្រារព្ធទិវាឯករាជ្យរបស់ប្រទេសនេះ នៅថ្ងៃពុធទី០៤ខែមករា ពោលគឺប៉ុន្មានថ្ងៃ បន្ទាប់ពីយោធា បានកាត់ទោសមេដឹកនាំប្រជាធិបតេយ្យលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំ។
ផ្នែកដ៏ធំនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលក្នុងការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រឆាំងរដ្ឋប្រហារ ចាប់តាំងពីយោធាដណ្តើមអំណាច កាលពីជិតពីរឆ្នាំមុន។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បានរាយការណ៍ថា រថក្រោះ មីស៊ីល និងរថពាសដែក បានធ្វើដំណើរនាពេលព្រឹកព្រលឹម ឆ្ពោះទៅកាន់ទីលានព្យុហយាត្រាក្នុងរដ្ឋធានី ដោយចាប់ផ្តើមក្បួនព្យុហយាត្រាយោធារំលឹកខួបលើកទី៧៥ ចាប់តាំងពីមីយ៉ាន់ម៉ា ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស។
មន្ត្រីរដ្ឋការ និងសិស្សវិទ្យាល័យ បានដើរតាមកងទ័ព អមដោយក្រុមតន្រ្តីយោធា។ ស្របពេលជាមួយគ្នានោះ ប្រមុខរដ្ឋាភិបាលលោក មីន អ៊ុងឡាំង ត្រូវបានស្វាគមន៍ដោយការបាញ់កាំជ្រួច ២១ដើម នៅពេលលោកមកដល់ទីលានដង្ហែ។
យោងតាមកាសែតរដ្ឋ Global New Light of Myanmar បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានផ្ញើសារ ស្វាគមន៍ដោយស្មោះ និងទន្ទឹងរង់ចាំការអភិវឌ្ឍន៍ទំនាក់ទំនងបន្ថែមទៀតផងដែរ។
រុស្ស៊ីគឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់សព្វាវុធឲ្យយោធាមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ា បានប្រកាសឯករាជ្យពីការគ្រប់គ្រងអាណានិគមអង់គ្លេសនៅថ្ងៃទី ៤ ខែមករា ឆ្នាំ១៩៤៨ បន្ទាប់ពីមានការប្រយុទ្ធដ៏យូរ ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ អ៊ុងសាន ដែលជាឪពុករបស់មេដឹកនាំស៊ីវិលលោកស្រី ស៊ូជី៕



ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




