28 C
Phnom Penh
Sunday, December 22, 2024
- Advertisement -spot_img

ជួយ​សង្គ្រោះ​ជីវិត ជាមួយ​យុទ្ធនាការសុវត្ថិភាព​មួកសុវត្ថិភាព Heads Up!

- Advertisement -spot_img

យុវជន​ជិះ​ម៉ូតូ​បាន​ក្លាយ​ជា​និមិត្តរូបមួយ​ នៅតាមដងផ្លូវនៃតំបន់​អាស៊ីអាគ្នេយ៍។ ទស្សនីយភាព​របស់​សិស្សសាលាជិះម៉ូតូតូចៗដ៏​ស្រស់ស្អាត ធ្វើដំណើរទៅសាលារៀននៅពេលព្រឹក បង្ហាញពីភាព​រីក​ចម្រើន​ឆ្ពោះទៅរកអនាគតកាន់តែប្រសើរ​​ក្នុង​តំបន់​។ សំឡេង​ម៉ាស៊ីន ​និងស៊ីភ្លេ​របស់​ពួកគេ ​គឺ​ជា​ការ​​ស្វាគមន៍មួយបន្ថែមលើ​សំឡេងទ្រហឹង​ក្នុងអំឡុង​ម៉ោងមានចរាចរណ៍មមាញឹក។ យុវជនដែល​មាន​ចំនួនប្រហែល​មួយ​ភាគ​ប្រាំ​នៃ​​ចំនួន​ប្រជាជន ឥឡូវ​នេះកំពុង​ធ្វើ​ដំណើរ​​នៅពាសពេញដង​ផ្លូវនៅតំបន់​អាស៊ីអាគ្នេយ៍។

ប៉ុន្តែវាក៏​មានន័យថា យុវជន​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រែក្លាយ​​ផ្លូវ​ថ្នល់​ឲ្យ​កាន់​តែ​មាន​សុវត្ថិភាព​។អង្គការមូលនិធិបង្ការរបួស អាស៊ី(AIP Foundation) បាននឹងកំពុងអំពាវនាវឱ្យនិស្សិតសកលវិទ្យាល័យនៅទូទាំងប្រទេសកម្ពុជា ថៃ វៀតណាម និង​ហ្វីលីពីនឲ្យចូល​រួម​នៅក្នុងកម្មវិធីប្រកួតផលិតវីដេអូអប់រំផ្សព្វផ្សាយសេវាសាធារណៈ (PSA) ហៅថា Heads Up! ដែល​មាន​គោល​បំណង​បង្កើនការយល់ដឹងអំពីសុវត្ថិភាពនៃ​មួកសុវត្ថិភាពក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​។​ វីដេអូដែលជាជ័យលាភី នឹងទទួលបានថវិកាចំនួន ១,០០០ ដុល្លារអាមេរិក និងការគាំទ្រផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍលទ្ធផលវីដេអូរបស់ខ្លួនទៅជាយុទ្ធនាការពេញលេញដែលនឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការជាសកល។

ការលើកកម្ពស់វប្បធម៌ពាក់មួកសុវត្ថិភាព

ទន្ទឹមនឹងការកើនឡើងនូវចំនួនម៉ូតូនៅលើដងផ្លូវ ក៏មានការកើនឡើងនូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ​។ ដោយការប៉ះទង្គិច​គ្នាអាចកើតឡើងនៅគ្រប់​វេលានៅលើដងផ្លូវហាយវេដែលសំបូរទៅដោយម៉ូតូ ការលើកកម្ពស់ការប្រើប្រាស់មួកសុវត្ថិភាពបានក្លាយជាបេសកកម្មដ៏ចាំបាច់មួយរបស់អង្គការមូលនិធិបង្ការរបួស អាស៊ី​ AIP។

យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ហេដ្ឋារចនាសម្ព័ន្ធមិនល្អនៅអាស៊ីអាគ្នេយ៍ និងការគ្រប់គ្រងចរាចរណ៍មិនបានត្រឹមត្រូវ បានឆក់យកជីវិតមនុស្សប្រហែល ៣០០,០០០ នាក់ក្នុងមួយឆ្នាំ។ អង្គការសុខភាពពិភពលោក បាន​កត់​សម្គាល់​បន្ថែម​ទៀត​ថា ការ​រង​របួសតាមដង​ផ្លូវគឺ​ជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​របស់​មនុស្ស​អាយុចន្លោះ​ពី៥ទៅ២៩ឆ្នាំ។ វាជា «ជំងឺរាតត្បាតលាក់មុខ» ដែលបាននឹងកំពុងធ្វើឱ្យប៉ះពាល់ក្នុងតំបន់អស់ជាច្រើនទសវត្សរ៍មកហើយ ហើយតួលេខនេះត្រូវបានគេមើលឃើញថា មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

មួកសុវត្ថិភាពសម្រាប់ម៉ូតូត្រូវបានរចនាឡើង ដើម្បីការពារក្បាលរបស់អ្នកពាក់មិនឱ្យមានការប៉ះទង្គិចខួរក្បាលធ្ងន់ធ្ងរ។ យោងតាមការសិក្សាបានបង្ហាញថា មួកសុវត្ថិភាពជួយសម្រាលផលប៉ះពាល់អំឡុងពេលដួល ឬប៉ះទង្គិច។ មួកសុវត្ថិភាពកាត់បន្ថយហានិភ័យនៃការរងរបួសក្បាលយ៉ាងហោចណាស់ ៤៥% របួសខួរក្បាល ៣៣% របួសមុខ ២៧% និងរបួសបណ្តាលឱ្យបាត់បង់​ជីវិត​ចំនួន ២៩% ។

នៅប្រទេសកម្ពុជា ថៃ ហ្វីលីពីន និង វៀតណាម ដែលជា​ប្រទេស​មាន​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់ចរាចរណ៍ច្រើនជាងជំងឺអេដស៍ បាន​អនុវត្តវិធាន​ការពាក់មួកសុវត្ថិភាពយ៉ាងតឹងរ៉ឹងអស់ជាច្រើនឆ្នាំមកហើយ។ ច្បាប់ត្រូវបានអនុម័ត ប៉ុស្តិ៍ត្រួតពិនិត្យត្រូវបានធ្វើឡើងជាទៀងទាត់ ព្រម​ទាំង​យុទ្ធនាការ​ត្រូវ​បាន​ដាក់​ជំរុញបន្ថែម​។

ទោះជា​យ៉ាងណា ការសិក្សាបានបង្ហាញថា អ្នកជិះម៉ូតូភាគច្រើនប្រើមួកសុវត្ថិភាពដែលមានគុណភាពទាបដែល​ផ្តល់ការការពារតិចតួច ឬមិនប្រើមួកសុវត្ថិភាពតែម្តង។ នៅ​ប្រទេស​ថៃ មាន​អ្នក​ប្រើ​ម៉ូតូ​តែ​ ៤៥% ​ប៉ុណ្ណោះ​ដែល​ពាក់​មួក​សុវត្ថិភាព។ ព្រះរាជាណាចក្រកម្ពុជា បានរាយការណ៍ថា មានអ្នកពាក់មួកសុវត្ថិភាពចំនួន ៤៣% ប៉ុណ្ណោះក្នុងចំណោមអ្នក​ជិះ​ម៉ូតូរាប់លាននាក់​ ដែលនៅកកកុញតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ។

ទន្ទឹមនឹងនោះ បើយោងតាមការស្រាវជ្រាវដែលធ្វើឡើងដោយ អង្គការមូលនិធិបង្ការរបួស អាស៊ី​ AIP នៅក្នុងប្រទេសវៀតណាម ត្រឹម​តែ​មួយភាគដប់ប៉ុណ្ណោះ​នៃ​អ្នក​បើកបរដែល​ពាក់មួកសុវត្ថិភាពដែល​មាន​គុណភាព​ ។ នេះមានន័យថា ៩០% នៃអ្នកប្រើយានជំនិះពិតជាមានគ្រោះថ្នាក់នៅលើដងផ្លូវ។ ប្រទេសហ្វីលីពីន ដែលជាសាធារណរដ្ឋសំបូរទៅដោយផ្លូវខ្វាត់ខ្វែង និងផ្លូវតូចចង្អៀតរាប់លាន មានច្បាប់ពាក់មួកសុវត្ថិភាពយ៉ាងតឹងរ៉ឹង ប៉ុន្តែមិនមែនអ្នកប្រើយានជំនិះទាំងអស់សុទ្ធតែពាក់មួកសុវត្ថិភាពនោះទេ។

លោក Greig Craft ប្រធាន FIA ប្រចាំតំបន់ទី ២ (អាស៊ីប៉ាស៊ីហ្វិក)បាន​មាន​ប្រសាសន៍ថា​ «នៅពេលដែលប្រទេសកំពុងអភិវឌ្ឍបន្តជួបប្រទះការផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយងាកទៅរកការចល័តតាមម៉ូតូ ការប៉ះទង្គិចតាមដងផ្លូវនឹងបន្តបង្កគ្រោះថ្នាក់ដល់ប្រជាជនស្លូតត្រង់របស់យើង ជាពិសេសកុមារ និងយុវជន។ មួកសុវត្ថិភាពដែលមានគុណភាពទាប និងមិនផ្តល់ការការពារក្បាល បន្តវាយលុក​ទីផ្សារក្នុងស្រុករបស់យើង ដែលបានធ្វើឱ្យមនុស្សជាទីស្រឡាញ់របស់យើង ស្លាប់បាត់បង់ជីវិត និងរងរបួស។ នេះ​ជា​រឿង​អសីលធម៌​ហើយ​វា​ប្រៀបបាននឹងការ​លក់ឱសថ​ក្លែងក្លាយដែរ​។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អង្គការនានា ដូចជាអង្គការមូលនិធិបង្ការរបួស អាស៊ី AIP សមាគមន៍ FIA និង មូលនិធិ FIA ពិភពលោកកំពុងយល់ថា មានយើង​នៅ​មាន​ដំណោះស្រាយ»។

តាមរយៈកម្មវិធីដែលផ្តោតលើថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ អង្គការមូលនិធិបង្ការរបួស អាស៊ី AIP សមាគមន៍ FIA និង មូលនិធិ FIA ធ្វើការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់មួកសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍ ដោយផ្តោតលើប្រជាសាស្រ្តដែលរងផលប៉ះពាល់ខ្លាំងបំផុត ពោលគឺអ្នកប្រើយានជំនិះវ័យក្មេង។ អង្គការនានាក៏ចូលរួមយ៉ាងសកម្មផងដែរ ក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិអន្តរជាតិ ដើម្បីជំរុញមេដឹកនាំពិភពលោកឱ្យផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងសុវត្ថិភាពផ្លូវថ្នល់នៅក្នុងគម្រោងអភិវឌ្ឍន៍នានា។

ការជំរុញឆ្ពោះទៅមុខ

សំឡេងរបស់យុវជនគឺជាយានដ៏មានឥទ្ធិពលបំផុត ឆ្ពោះទៅរកការផ្លាស់ប្តូរដ៏អស្ចារ្យ។ ហើយសំឡេងទាំងនេះដែលពោរពេញដោយទឹកចិត្តក្លៀវក្លា ភាពច្នៃប្រឌិត និងកម្លាំងចិត្ត នឹងឆ្លុះបញ្ចាំងនៅក្នុងគម្រោងយុទ្ធនាការ​ Heads Up! ថ្មី ។

អនុវត្តដោយអង្គការមូលនិធិបង្ការរបួស អាស៊ី AIP និង មូលនិធិ AA Vietnam និង​​គាំទ្រដោយ​កម្មវិធីជំនួយសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់សមាគមន៍​ (Fédération Internationale de l’Automobile – FIA)  FIA ប្រចាំតំបន់ទី ២ និងមូលនិធិ FIA  យុទ្ធនាការ Heads Up! គឺជាការប្រកួតប្រជែងស្តីពី​ការ​ប្រកាសសុវត្ថិភាពសាធារណៈក្នុងតំបន់ សម្រាប់និស្សិតមកពីសកលវិទ្យាល័យល្បីៗនៅទូទាំងប្រទេសទាំងបួន។ អ្នកចូលរួមនឹងមានភារកិច្ចបង្កើតគំនិត និងវីដេអូប្រកបដោយភាពច្នៃប្រឌិត ដែល​មានលក្ខណៈគ្រប់ជុងជ្រោយ ស្តីអំពីសារៈសំខាន់នៃការប្រើប្រាស់មួកសុវត្ថិភាពដែល​​មានគុណភាព និងសុវត្ថិភាពមួកសុវត្ថិភាពក្នុងចំណោមយុវជន។

លោក Jimmy Tang ប្រធានផ្នែកអភិវឌ្ឍន៍​ និងភាពជាដៃគូយុទ្ធសាស្ត្រនៃអង្គការមូលនិធិបង្ការរបួស អាស៊ី AIPបាន​មាន​ប្រសាសន៍​ថា​ «បេសកកម្មចម្បងនៃកម្មវិធី Heads Up! គឺដើម្បីជំរុញការចូលរួម និងអប់រំយុវជនអំពីសារៈសំខាន់នៃការប្រើប្រាស់មួកសុវត្ថិភាព និងសុវត្ថិភាពនៃមួកសុវត្ថិភាព​ជាទូទៅ។ យើង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា អ្នកដឹកនាំ​វ័យ​ក្មេង​សព្វថ្ងៃ មានទឹកចិត្តក្លៀវក្លា និង​​គំនិត​ច្នៃប្រឌិតយ៉ាងខ្លាំង។ ការប្រកួតផលិតវីដេអូរបស់យើងផ្តល់ឱ្យយុវជននូវវេទិកាមួយ ដើម្បីធ្វើជាទូតសុច្ឆនៈផ្នែកសុវត្ថិភាពនៃមួកសុវត្ថិភាព​ តាម​រយៈ​ការ​បង្កើតសារដ៏មានអានុភាពដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងមិត្តភក្ដិរបស់ពួកគេ»។

កម្មវិធី Heads Up! គឺជាវេទិកាដំបូងមួយដែលត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមក្នុងតំបន់ ដែលយុវជនមកពីប្រទេសអាស៊ានទាំងបួនអាចតភ្ជាប់ រៀនសូត្រ និងផ្លាស់ប្តូរទស្សនៈគ្នាអំពីសុវត្ថិភាពចរាចរណ៍ក្នុងតំបន់ និងសារៈសំខាន់នៃការសង្គ្រោះអាយុជីវិតរបស់មួកសុវត្ថិភាព។ តាម​រយៈ​ការ​ប្រកួត​ប្រជែង តំបន់​នេះ​នឹង​ឃើញមាន​យុទ្ធនាការប្រកបដោយភាព​ច្នៃប្រឌិត​ដែល​បានរៀបចំឡើង​​ និង​សម្រប​សម្រួលដើម្បី «អ្នក​បើក​បរ» នា​ពេល​អនាគត។

ការដាក់ពាក្យចូលរួមគួរធ្វើឡើងតាមរយៈអ៊ីម៉ែល ទៅកាន់អាសយដ្ឋាន៖ giang.trinh@aipf-vietnam.org និង phuong.luu@aipf-vietnam.org ជាមួយនឹងឈ្មោះអ្នកចូលរួម បញ្ជីសមាជិកក្រុម (ប្រសិនបើដាក់ពាក្យជាក្រុម) និងឈ្មោះសាលា។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង ៥ ល្ងាច (ម៉ោងនៅឥណ្ឌូចិន)។

រង្វាន់រួម​មាន​៖

  • រង្វាន់ទី១៖ ទឹកប្រាក់​ ១,000 ដុល្លារ និង​ការគាំទ្រផ្នែកបច្ចេកទេសដើម្បីអភិវឌ្ឍលទ្ធផលវីដេអូរបស់ខ្លួនទៅជាយុទ្ធនាការពេញលេញដែលនឹងក្លាយជាផ្នែកមួយនៃយុទ្ធនាការជាសកល
  • រង្វាន់ទី២៖ ទឹកប្រាក់​ ៥00 ដុល្លារ
  • រង្វាន់ទី៣៖ ទឹកប្រាក់​ ៣00 ដុល្លារ

បេក្ខជនឬក្រុម​ដែល​ទទួល​ជ័យលាភីក៏នឹងទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ដោយ សមាគមន៍​ FIA ប្រចាំតំបន់ទី ២ និង អង្គការមូលនិធិបង្ការរបួស អាស៊ី AIP ដែលទទួលស្គាល់ការរួមចំណែករបស់ពួកគេក្នុងការលើកកម្ពស់សុវត្ថិភាពមួកសុវត្ថិភាពក្នុងតំបន់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

បេក្ខជនដែលត្រូវបានជ្រើសរើស ក៏នឹងទទួលបានគណនីសមាជិក MasterClass ចំនួន ១៥  (ដែលមានតម្លៃ USD ១៨០/ឆ្នាំ/គណនី) ដើម្បីផ្តល់លទ្ធភាពដល់ពួកគេក្នុង​ការ​ចូលរួមវេទិកាបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកដឹកនាំក្នុង​ឧស្សាហកម្មជាង ១០០ លើផ្នែកតាក់តែងនិពន្ធ អាជីវកម្ម របៀបរស់នៅ សុខភាពផ្ទាល់ខ្លួន និងវិស័យជាច្រើនទៀត។ ថ្នាក់រៀនតាមវីដេអូទាំងនេះនឹងក្លាយជាឱកាសដ៏ពិសេសមួយ ដើម្បីរៀនសូត្រ និងអភិវឌ្ឍភាពច្នៃប្រឌិតរបស់ពួកគេជាបណ្តើរៗ។

សម្រាប់ព័ត៌មានលម្អិតអំពីការប្រកួតប្រជែង សូមចូលមើលគេហទំព័រ​ផ្លូវការរបស់ កម្មវិធី Heads Up!

អំពីអង្គការមូលនិធិបង្ការរបួស អាស៊ី AIP

អង្គការមូលនិធិបង្ការរបួស អាស៊ី AIP គឺជាអង្គការមិនស្វែង​រក​ប្រាក់​ចំណេញ​ដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកលេខ ៥០១ (ស៊ី) (៣)  ដែល​មានគោលដៅបង្ការទប់ស្កាត់ការរងរបួស និងការស្លាប់បាត់បង់អាយុជីវិតនៅលើដងផ្លូវ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម។ អស់រយៈពេល ២០ ឆ្នាំមកហើយដែល អង្គការមូលនិធិបង្ការរបួស អាស៊ី AIP បាននឹងកំពុងផ្តល់នូវកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយប្រសិទ្ធភាពនៅក្នុងទីតាំងនានាទូទាំងតំបន់អាស៊ី និងអាហ្វ្រិក។ ការងារនេះរួមមានការជំរុញភាពជាដៃគូរវាងរដ្ឋ និង    ឯកជនជាមួយរដ្ឋាភិបាលជាតិ អង្គការអន្តរជាតិ មូលនិធិសប្បុរសធម៌ និងសាជីវកម្មពហុជាតិ ដើម្បីលើកកម្ពស់បេសកកម្មរបស់ខ្លួន។

សម្រាប់ការសាកសួរសារព័ត៌មាន សូមទំនាក់ទំនង៖

Victoria Jönsson

មន្ត្រី​ផ្នែក​ទំនាក់​ទំនង

អង្គការ​មូលនិធីបង្ការរបួស​ អាស៊ី AIP

ទូរសព្ទ៖ (+84) 91 598 75 84

អ៊ីម៉ែល៖ victoria.jonsson@aipf-vietnam.org

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img