ប៉េកាំង៖ខណៈដែលប្រទេសជាច្រើន ផ្តើមចាត់វិធានការរឹត បន្តឹង លើអ្នកដំណើរមកពីចិន អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO បាននិយាយថា មន្ត្រីចិនត្រូវតែចែករំលែក ព័ត៌មានជាក់លាក់ទាន់ពេលវេលាបន្ថែមទៀតអំពីស្ថានភាពកូវីដ ស្របពេលដែលសន្ទុះករណីឆ្លងកូវីដកំពុងកើនឡើង នៅ ក្នុងប្រទេសចិន។
ប្រទេសចិន បានដកចេញនូវវិធានការរឹតបន្តឹងតឹង រ៉ឹង ជា ច្រើនរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក៏ប៉ុន្តែករណីឆ្លងកូវីដបានកើនឡើងមកវិញ ហើយឥឡូវនេះ ប្រទេសជាច្រើន កំពុងដាក់ចេញវិធានការត្រួតពិនិត្យលើអ្នក ធ្វើដំណើរមកពីប្រទេសចិន។
មន្ត្រីអង្គការសុខភាពពិភពលោកនិយាយថា ពួកគេចង់ឃើញ ទិន្នន័យបន្ថែមទៀតទាក់ទងនឹងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការចូលបន្ទប់ថែទាំអ្នកជំងឺឈឺធ្ងន់ និងការស្លាប់។ WHO ក៏ចង់បានផងដែរ តួលេខស្តីពីការចាក់វ៉ាក់សាំង។
សហរដ្ឋអាមេរិក អេស្បាញ បារាំង កូរ៉េខាងត្បូង ឥណ្ឌា អ៊ីតាលី ជប៉ុន និងតៃវ៉ាន់ សុទ្ធតែបានដាក់ចេញការធ្វើតេស្តរកកូវីដ ចំពោះអ្នកធ្វើដំណើរមកពីចិន ដោយសារតែពួកគេភ័យខ្លាច ការរីករាលដាលនៃមេរោគនេះជាថ្មីហើយអ្នកដំណើរដែលចេញពីប្រទេសចិន ទៅប្រទេសអង់គ្លេស នឹងត្រូវផ្តល់លទ្ធផលតេស្ត អវិជ្ជមានកូវីដ មុនពេលពួកគេឡើងយន្តហោះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយមន្ត្រីចិន ទីភ្នាក់ងារសុខភាពអង្គការសហ ប្រជា ជាតិ បាននិយាយថា៖ «WHO ជាថ្មីម្តងទៀតបានស្នើសុំឱ្យ ចែករំលែកជាទៀងទាត់នូវទិន្នន័យជាក់លាក់ និងទាន់ពេល វេលាអំពីស្ថានភាពជំងឺរាតត្បាត… និងទិន្នន័យស្តីពីការ ចាក់ថ្នាំវ៉ាក់សាំង ជាពិសេសចំពោះអ្នកដែលងាយរងគ្រោះ និងអ្នកដែលមានអាយុលើសពី ៦០ ឆ្នាំឡើងទៅ»។
ទន្ទឹមនេះ WHO បានលើកឡើងថា ខ្លួនមានឆន្ទៈក្នុងការ ផ្តល់ការគាំទ្របច្ចេកទេស ក៏ដូចជាជួយដោះស្រាយបញ្ហា នៃការស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង។
ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់ ផងដែរ៖ «សារៈសំខាន់នៃការត្រួតពិនិត្យ និងការផ្សព្វផ្សាយ ទិន្នន័យឱ្យទាន់ពេលវេលា គឺដើម្បីជួយប្រទេសចិន និង សហគមន៍ពិភពលោកក្នុងការធ្វើការវាយតម្លៃហានិភ័យឱ្យបានត្រឹមត្រូវ និងដើម្បីជូនដំណឹងអំពីការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព»។
គួររំលឹកថា ក្រុមប្រឹក្សាបច្ចេកទេសរបស់ WHO ស្តីពីការវិវត្ត នៃជំងឺកូវីដ១៩ គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃអង្គារ សប្តាហ៍ ក្រោយ។ WHO ប្រាប់ថា ខ្លួនបានអញ្ជើញអ្នកវិទ្យាសាស្ត្រចិន ឱ្យបង្ហាញទិន្នន័យលម្អិតអំពីការវិវត្តនៃមេរោគ ហើយសម្រាប់ WHO វាគឺជារឿងដែលអាចយល់បាន ដែលប្រទេសមួយ ចំនួនកំពុងដាក់វិធានថ្មីទៅលើអ្នកដំណើរដែលមកចិន៕




ប្រែសម្រួលដោយគីរីដងរែក




