យោងតាមទីភ្នាក់ងារសារព័ត៌មាន ANI បានឲ្យដឹងថា ប្រទេសឥណ្ឌា មានបំណងដាក់ពង្រាយ មីស៊ីលផ្លោងជាង១០០គ្រាប់ នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសចិន និងប៉ាគីស្ថាន។
របាយការណ៍នេះកើតឡើង បន្ទាប់ពីមានការអះអាងរបស់ទីក្រុងញូវដែលី អំពីការប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌា និងចិន នៅក្នុងតំបន់ដែលមានជម្លោះនៃជួរភ្នំហិមាល័យកាលពីដើមខែនេះ។
ប្រភពការពារជាតិជាន់ខ្ពស់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា “កិច្ចប្រជុំកម្រិតខ្ពស់ នៃក្រសួងការពារជាតិបានសម្រេចផ្តល់មីស៊ីលប្រហែល១២០គ្រាប់ សម្រាប់កងកម្លាំងប្រដាប់អាវុធ ហើយដាក់ពង្រាយនៅតាមព្រំដែន”។
យោង តាម ANI, អាវុធ ដែលនឹងដាក់ពង្រាយទាំងនោះគឺជា មីស៊ីលប្រភេទ Pralay ដែលផលិតក្នុងស្រុក។ មីស៊ីលផ្លោងរយៈចម្ងាយជិតជាយុទ្ធសាស្ត្រនេះត្រូវបានយោធាឥណ្ឌាសាកល្បងដោយជោគជ័យកាលពីមួយឆ្នាំមុន។
មីស៊ីលប្រភេទនេះ មានសមត្ថភាពវាយប្រហារគោលដៅក្នុងចម្ងាយពី ១៥០ ទៅ ៥០០ គីឡូម៉ែត្រ ហើយប្រព័ន្ធការពារដែនអាកាសពិបាកស្ទាក់ចាប់ណាស់ ដោយសារតែវាផ្លាស់ប្តូរទិសដៅអំឡុងពេលហោះហើរ។
ប្រទេសជិតខាង និងជាគូប្រជែងភូមិសាស្ត្រនយោបាយរបស់ឥណ្ឌា គឺចិន និងប៉ាគីស្ថាន ដែលជាមហាអំណាចនុយក្លេអ៊ែរ គឺសុទ្ធតែមានមីស៊ីលផ្លោងនៅក្នុងឃ្លាំងអាវុធរបស់ពួកគេ។ ប្រទេសឥណ្ឌាក៏មានព្រំប្រទល់ជាប់ នេប៉ាល់ ប៊ូតង់ បង់ក្លាដែស និងមីយ៉ាន់ម៉ាផងដែរ។
កាលពីដើមខែធ្នូ ក្រសួងការពារជាតិទីក្រុងញូវដែលីបាននិយាយថា មានការប៉ះទង្គិចគ្នាមួយប្រាវ រវាងឆ្មាំព្រំដែនឥណ្ឌា និងចិននៅរដ្ឋ Arunachal Pradesh ក្នុងតំបន់ភ្នំហិមាល័យ។ ក្រសួងនិយាយថា ឧបទ្ទវហេតុនោះ បណ្តាលឲ្យកងកម្លាំងឥណ្ឌាចំនួន៦នាក់រងរបួស៕



ប្រភព ANI ប្រែសម្រួលដោយគីរីដងរែក




