លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃពុធទី២១ខែធ្នូថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាអ្នកធានាដ៏សំខាន់នៃអធិបតេយ្យភាពរបស់ខ្លួន ហើយលោកបានប្តេជ្ញាថា សព្វាវុធថ្មី នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗនេះ។ លោកពូទីន បានធ្វើសេចក្តីថ្លែងការណ៍ អំឡុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិជាន់ខ្ពស់របស់ប្រទេស រុស្ស៊ី។
អាវុធនុយក្លេអ៊ែរទាំងបីរួមមាន មីស៊ីលដែលបាញ់ចេញពីយន្តហោះ, បាញ់ចេញពីនាវាមុជទឹក និងបាញ់ចេញពីឧបករណ៍ចល័តនៅលើដី។
លោកពូទីននិយាយថា “យើងនឹងបន្តរក្សា និងបង្កើនការត្រៀមខ្លួនប្រយុទ្ធដោយប្រើអាវុធនុយក្លេអ៊ែរ។ នេះគឺជាការធានាដ៏សំខាន់សម្រាប់ការថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង សមភាពជាយុទ្ធសាស្ត្រ និងតុល្យភាពអំណាចទូទៅនៅក្នុងពិភពលោក”។
មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat
លោក ពូទីន បន្តថា មីស៊ីលបាលីស្ទិកអន្តរទ្វីប Sarmat ដែលបាញ់ចេញពីដីគោក នឹងដាក់ឲ្យប្រើប្រាស់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ មីស៊ីលនេះ អាចធ្វើដំណើរបានចម្ងាយ១៨០០០ គីឡូម៉ែត្រ។
លើសពីនេះ នាវាចម្បាំង Admiral Gorshkov របស់កងនាវាចរភាគខាងជើង នឹងត្រូវបានបំពាក់ដោយមីស៊ីលប្រឆាំងនាវា Zircon ដែលមានល្បឿនលឿនជាងសំឡេង នៅដើមខែមករា។
ដោយដាក់ឲ្យដំណើរការក្នុងឆ្នាំ២០១០ នាវាចម្បាំងនេះគឺស្ថិតក្នុងចំណោមនាវាធំបំផុតរបស់រុស្ស៊ី ខណៈការធ្វើតេស្តមីស៊ីល Zircon នៅលើនាវា Admiral Gorshkov ត្រូវបានបញ្ចប់កាលពីខែមិថុនា។ នេះបើយោងតាមក្រសួងការពារជាតិ។
ស្របពេលជាមួយគ្នានោះ រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយនៅក្នុងកិច្ចប្រជុំដដែលថា យន្តហោះ Tu-160M ទី១ ដែលជាកំណែកាន់តែខ្លាំងនៃយន្តហោះទម្លាក់គ្រាប់បែកមានសមត្ថភាពនុយក្លេអ៊ែរ Tu-160 បានចូលរួមជាមួយកងទ័ពអាកាសរួចរាល់ហើយ៕





ប្រែសម្រួលដោយគីរីដងរែក




