កាលពីថ្ងៃអង្គារទី២០ខែធ្នូ យន្តហោះបំបាំងកាយរបស់សហរដ្ឋអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែកដែលមានសមត្ថភាពនុយក្លេអ៊ែរ ត្រូវបានបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង ប៉ុន្មានម៉ោងបន្ទាប់ពីប្អូនស្រីរបស់លោក គីម ជុងអ៊ុន គំរាមធ្វើតេស្តមីស៊ីលផ្លោងឆ្លងទ្វីប (ICBM) រយៈចម្ងាយឆ្ងាយ។
ក្រសួងការពារជាតិទីក្រុងសេអ៊ូល បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែក B-52 និងយន្តហោះចម្បាំងបំបាំងកាយ F-22 បានចូលរួមក្នុងសមយុទ្ធរួមគ្នា ជាមួយយន្តហោះកូរ៉េខាងត្បូងនៅដែនទឹកភាគនិរតីនៃកោះ Jeju ក្នុងច្រកសមុទ្រកូរ៉េ។
យន្តហោះចម្បាំងបំបាំងកាយ F-22
សមយុទ្ធនេះធ្វើឡើង បន្ទាប់ពីប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងគឺ លោកស្រី គីម យ៉ូជុង បានធ្វើអត្ថាធិប្បាយអំពីសមត្ថភាពនៃមីស៊ីលនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។
លោកស្រី គីម យ៉ូជុង បាននិយាយនៅក្នុងសុន្ទរកថាដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកាលពីថ្ងៃអង្គារថា “ខ្ញុំអាចជម្រះមន្ទិលសង្ស័យអំពីរឿងនេះ។ ពួកគេនឹងទទួលស្គាល់វា ភ្លាមៗក្នុងករណីដែលយើងបាញ់បង្ហោះ ICBM តាមផ្លូវនៃការបាញ់ត្រង់ទៅមុំពិត”។
លោកស្រី គីម យ៉ូជុង
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ការសាកល្បង ICBM របស់កូរ៉េខាងជើង ត្រូវបានបាញ់នៅមុំដ៏ចោត ដើម្បីចៀសវាងការហោះហើរចូលទៅក្នុងដែនអាកាសរបស់បរទេស។
លោក គីម ជុងអ៊ុន និងកូនស្រី ពិនិត្យមើលមីស៊ីលឆ្លងទ្វីប ICBM
អ្នកសង្កេតការណ៍អន្តរជាតិខ្លះនិយាយថា ICBM របស់កូរ៉េខាងជើង មិនអាចចាត់ទុកថាអាចទុកចិត្តបានទេ ថ្វីបើការសាកល្បងណាមួយ នឹងក្លាយជារឿងបង្កហេតុដ៏ធំដល់សហរដ្ឋអាមេរិក ដោយសារតែមីស៊ីលនឹងហោះឆ្ពោះទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិកក៏ដោយ៕




ប្រភព Mail Online ប្រែសម្រួលដោយគីរីដងរែក




