សត្វផ្សោតឈ្មោលមួយក្បាលទម្ងន់រហូតដល់ ១៦២ គីឡូក្រាម ដែលមានអាយុចន្លោះ ពី១៥ ឆ្នាំទៅ២០ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់នៅ តាមដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះស្ទឹងត្រែង។
រដ្ឋបាលជលផល និងអង្គការ WWF មានការសោកស្ដាយចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលថ្មីទៀតពីក្នុងហ្វូងសត្វ ផ្សោត ទន្លេមេគង្គ។ សាកសពសត្វផ្សោតនេះ ត្រូវបានប្រទះឃើញអណ្ដែតទឹកតាមទន្លេមេគង្គក្បែរអន្លង់កោះដំបងត្រង់ទីតាំងព្រំប្រទល់រវាង ខេត្តក្រចេះ និងខេត្តស្ទឹងត្រែងកាលពីដើមសប្ដាហ៍ទី៣ក្នុងខែធ្នូនេះ។
សាកសពសត្វផ្សោតត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់ដោយក្រុមជំនាញស្រាវជ្រាវរបស់រដ្ឋបាលជលផល -WWF បានសន្និដ្ឋានជាបឋម ថាសត្វផ្សោតស្លាប់ដោយសារការជាប់នឹងមងនេសាទដោយក្រុមជំនាញស្រាវជ្រាវបានរក ឃើញស្លាកស្នាមនៃសរសៃមងនៅលើផ្ទៃកន្ទុយ ដងខ្លួន និងស្នាមរលាត់លើផ្នែកករបស់វា។
ការស្លាប់សត្វផ្សោតមួយក្បាលថ្មីនេះបានបង្កើនតួលេខសត្វផ្សោតស្លាប់សរុបក្នុងឆ្នាំ២០២២ នេះ ដល់ចំនួន៩ក្បាល។ រយៈពេល៣ ឆ្នាំចុងក្រោយនេះសត្វផ្សោត ដែលបានស្លាប់មានសរុបចំនួន ២៧ ក្បាលចន្លោះពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២ (គិតត្រឹមថ្ងៃទី១៨ខែធ្នូ)។
លោក សេង ទៀក នាយកអង្គការ WWF- កម្ពុជាបានមានប្រសាសន៍ថា «ព័ត៌មានអំពីការរកឃើញសត្វផ្សោតស្លាប់នីមួយៗ ពិតជាធ្វើ ឲ្យមានភាពសោកសង្រេងខ្លាំងណាស់ហើយ យើងសោកស្ដាយខ្លាំងបំផុតគឺនៅពេលសត្វផ្សោតពេញវ័យ ដែលមានសុខភាពល្អដូចសត្វ ផ្សោតមួយក្បាលនាពេលនេះបានបាត់បង់ជីវិតព្រោះវាប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធភាពនៃការបន្តពូជរបស់សត្វផ្សោតទន្លេមេគង្គ ដែល មានចំនួនសេសសល់តិចតួចស្រាប់»។
សត្វផ្សោតទន្លេមេគង្គត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុត។ នៅ ក្នុងឆ្នាំ ២០២០ ការសិក្សាស្ថានភាពចំនួនសត្វផ្សោតដោយរដ្ឋបាលជលផល និងអង្គការ WWF បានប៉ាន់ប្រមាណថាមានសត្វផ្សោត ចំនួនត្រឹម៨៩ ក្បាលប៉ុណ្ណោះកំពុងរស់នៅក្នុងទន្លេមេគង្គក្នុងប្រទេសកម្ពុជា៕





ដោយគីរីដងរែក




