ស្ទើរតែគ្រប់ប្រទេសណាតូទាំងអស់ កំពុងប្រឈមមុខនឹងកង្វះសព្វាវុធ និងគ្រាប់រំសេវ ដោយសារតែបរិមាណនៃគ្រឿងសព្វាវុធដែលពួកគេបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន។ នេះបើតាមការទទួលស្គាល់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្លុកនេះ គឺលោកស្រី Julianne Smith កាលពីថ្ងៃអង្គារទី១៣ខែធ្នូ។
សហរដ្ឋអាមេរិក អង្គការណាតូ និងសហភាពអឺរ៉ុប សុទ្ធតែកំពុងធ្វើការ លើការជំរុញឲ្យឧស្សាហកម្មយោធាលោកខាងលិច បង្កើនការផលិត ដើម្បីដោះស្រាយការខ្វះខាតនេះ។
ថ្លែងក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយវិទ្យាស្ថាន CSIS, លោកស្រី Smith បានប្រើឧទាហរណ៍នៃប្រទេសអេស្តូនី ដែលផ្ដល់ជំនួយយ៉ាងច្រើនដល់អ៊ុយក្រែន ហើយឥឡូវនេះកំពុងប្រឈមមុខនឹងកង្វះខាតយ៉ាងធ្ងន់ធ្ងរ។
តំណាងអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិកប្រចាំអង្គការ ណាតូ រូបនេះ បាននិយាយថា “ពួកគេមិនមែនជាប្រទេសតែមួយទេ។ យើងបានមើលឃើញរឿងនេះ នៅទូទាំងសម្ព័ន្ធភាព”។
លោកស្រី Smith និយាយថា ខណៈពេលដែលក្រុមទំនាក់ទំនងសម្រាប់អ៊ុយក្រែន ផ្តោតលើការរៀបចំការដឹកជញ្ជូនទៅកាន់ទីក្រុងកៀវនោះ ណាតូបានប្រគល់ភារកិច្ចទៅឲ្យសន្និសីទនៃនាយកគ្រប់គ្រងអាវុធជាតិ (CNAD) ដើម្បីដោះស្រាយបញ្ហានៃការធ្លាក់ចុះស្តុកអាវុធនៅទូទាំងសម្ព័ន្ធភាពនេះ។ ទន្ទឹមនោះ EU បានចាប់ផ្តើមគំនិតផ្តួចផ្តើមដាច់ដោយឡែកមួយ សំដៅលើឧស្សាហកម្មយោធា។
លោកស្រីពន្យល់ថា កិច្ចខិតខំប្រឹងប្រែងទាំងអស់ គឺមានគោលបំណងបញ្ចុះបញ្ចូលឧស្សាហកម្មយោធានៅលោកខាងលិច ឲ្យពង្រីកផលិតកម្មរបស់ពួកគេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បាននិងកំពុងផ្តល់ជំនួយយោធាដល់អ៊ុយក្រែនតាំងពីឆ្នាំ២០១៤មក ប៉ុន្តែបានបង្កើនការចែកចាយគ្រាប់រំសេវ អាវុធធុនតូច និងអាវុធធុនធ្ងន់ រួមទាំងរថក្រោះ និងកាំភ្លើងធំផងដែរ ក្នុងខែកុម្ភៈ នៅពេលជម្លោះជាមួយរុស្ស៊ីកើនឡើងខ្លាំង។ ចាប់តាំងពីពេលនោះមក ទីក្រុងមូស្គូបានព្រមានប្រទេសលោកខាងលិចជាច្រើនលើកច្រើនសារ ប្រឆាំងនឹងការបំពាក់អាវុធដល់ទីក្រុងកៀវ ដោយលើកហេតុផលថា វាអាចពន្យារជម្លោះដែលកំពុងបន្ត៕




ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




