សពយុវជនម្នាក់ ត្រូវបានម្ចាស់ចម្ការដំឡូងប្រទះឃើញ ដេកស្លាប់នៅកណ្តាលចម្ការ ដោយសល់តែគ្រោងឆ្អឹង ក្រោយពីក្រុមគ្រួសារបានអះអាងថា បានបាត់ពីផ្ទះជាង៤០ថ្ងៃ រួចមក។
ហេតុការណ៍នេះបានភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងចម្ការដំឡូងក្បែជើងភ្នំវែង ក្នុងភូមិអូរល្ហុង ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយសភាពដែលគេប្រទះឃើញគឺសល់តែគ្រោងឆ្អឹង និងបាត់ប្រអប់ជើងទាំងសងខាង ដោយបានដេកស្លាប់ក្បែនិងដុំថ្មដ៏ធំមួយ ព្រមទាំងមានបន្សល់ស្រោមដៃព៌ណខៀវ១គូ នៅលើដុំថ្មនោះផង ។
បើតាមការរៀបរាប់ពីឪពុកម្តាយរបស់សពបានបញ្ជាក់ថា កូនប្រុសរបស់គាត់ មានឈ្មោះ យន់ រីណា អាយុ២៨ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំភ្នំតូច ស្រុកភ្នំព្រឹក មានមុខរបរដឹកត្រីដើរលក់តាមភូមិ និងមានគូរដណ្តឹង រួចហើយដែរនៅតែថ្ងៃចូលរោងការប៉ុណ្ណោះ។
លោកបានបន្តថា កូនរបស់គាត់បានបាត់ខ្លួនតាំងពីយប់ថ្ងៃទី៣១ ខែតុលា មកម្ល៉េះ ដោយមិនដឹងជាទៅទីណា។ ដោយ ឡែក ម៉ូតូ លុយកាក់ និងគ្រឿងអលង្ការ គឺកូនគាត់ទុកនៅក្នុងបន្ទប់ដេកទាំងអស់ គឺវាយកតែទូរស័ព្ទមួយគ្រឿងតាមខ្លួនប៉ុណ្ណោះ ប៉ុន្តែក្រោយមកក៏តេលែងចូលរហូត។
ដោយឡែកនារីដែលជាគូដណ្តឹងក៏បាននិយាយថា នៅថ្ងៃទី៣១ តុលា វេលាម៉ោងជិត ១២ យប់ គាត់តេទៅលេងខ្លួនបានមួយភ្លែតរួចហើយក៏បាត់រហូតតែម្តង។
តាមការរៀបរាប់ពីម្ចាស់ចម្ការបាន ឲ្យ ដឹងថា ដោយសារតែភ្លៀងធ្លាក់ញឹកញាប់ពេក ធ្វើ ឲ្យ គាត់ត្រូវអាក់ខានមិនបានមកបាញ់ ថ្នាំស្មៅរាប់ខែ ទើបមិនបានដឹងថាមានមនុស្សស្លាប់នៅក្នុងចម្ការបែបនេះ ហើយម៉្យាងទៀតភូមិសាស្ត្រនេះមិនងាយអ្នកណាចូលមកដល់ណាស់ព្រោះផ្លូវតូចមានសភាពលំបាកក្នុងការធ្វើដំណើរ។
នៅក្នុងករណីនេះដែរ គេកំពុងរង់ចាំសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ប៉ុន្តែក៏មានមជ្ឈដ្ឋានមួយចំនួនបាននិយាយថា វាក៏អាចពាក់ព័ន្ធនិងអំពើឃាតកម្មដែរ ព្រោះពីទីកន្លែងកើតហេតុ ដល់ផ្ទះជនរងគ្រោះគឺមានចម្ងាយជាង២០km ដូច្នេះជនរងគ្រោះមិនអាចដើរមកដល់ទីនេះឡើយ គឺវាអាចសម្លាប់ហើយដឹកយកមកប្លុងចោលក៏អាចថាបានដែរ ប៉ុន្តែអ្វីៗត្រូវរង់ចាំការសន្និដ្ឋានរបស់សមត្ថកិច្ច៕


ដោយគីរីដងរែក




