ព្រះវិហារ៖ រដ្ឋបាល ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃកម្ពុជា និងអភិបាល នៃគណៈ អភិបាលស្រុកខាន់ថាឡាក់ ខេត្តអ៊ូប៊ុនរាជធានី របស់ប្រទេសថៃ បានប្តេជ្ញារួមគ្នាបន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងល្អ ដើម្បីការអភិវឌ្ឍតាមបណ្តោយព្រំដែនរវាងខេត្តទាំងពីរ ។
ការប្តេជ្ញាចិតរួមគ្នាបែបនេះ បានធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងឱកាសលោក វុធ តារា អភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត បានដឹកនាំប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការបង្តើនមិត្តភាព រវាងប្រជាជន និងប្រជាជន សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្កើតទំនាក់ទំនង រវាងប្រជាជន និងប្រជាជន តាមតំបន់ព្រំដែន ទៅវិញ ទៅមក ប្រែក្លាយជា ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរូមពីសំណាក់លោកឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
ដោយឡែកខាងភាគីថៃ ដឹកនាំដោយលោក នាយសុគិត រឿងសុគុនថៃ និងលោកវរសេនីយ៍ឯក ប៊ុនតើម ប៊ុនបំរុង មេបញ្ជាការរងកងសុរនារី និងជាប្រធានទំនាក់ទំនងប្រចាំទិសទី១ ប្រាសាទព្រះវិហារ រួចនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ ។
ភាគីទាំងពីរ បានប្តេជ្ញាបន្តរួមគ្នា ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន រួមមាន៖ – រួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើស ជួញដូរគ្រឿងញៀន, ការកាប់បំផ្លាញធនធានធម្មជាតិ, ការនាំសត្វ ចេញចូល, និងការរីករាលដាលជំងឺកូវីដ-19 ។
ការចងសម្ព័ន្ធមេត្រីភាព រវាងប្រជាជន និងប្រជាជន នៃស្រុកទាំងពីរ ដើម្បីមានភាពស្និទ្ធស្នាល ។
រៀបចំការប្រកួតកីឡាជាមួយគ្នា របស់ស្រុកទាំងពីរ ។
បន្ថែមពីនោះភាគីថៃ ក៏មានគោលបំណងសហការ នៅក្នុងការបើកច្រកជាំតែ ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើការដោះដូរទំនិញ ជាលក្ខណៈសេចកិច្ចតូចៗផងដែរ ៕






ដោយគីរីដងរែក




