រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយកាលពីថ្ងៃសុក្រទី០៩ខែធ្នូថា ប្រទេសរុស្ស៊ី កំពុងពង្រីក និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ការអត្ថាធិប្បាយរបស់លោក Austin គឺស្របទៅនឹងឯកសារគោលនយោបាយរបស់មន្ទីរបញ្ចកោណនាពេលថ្មីៗនេះ ស្តីពីអាវុធនុយក្លេអ៊ែរ។
យោងតាមអ្នកជំនាញបានឲ្យដឹងថា ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេបំផុតលើពិភពលោក ជាមួយនឹងក្បាលគ្រាប់ជិត ៦០០០គ្រាប់។ ជាមួយគ្នានេះ រុស្ស៊ី និងសហរដ្ឋអាមេរិក រួមគ្នាកាន់ក្បាលគ្រាប់នុយក្លេអ៊ែរ៩០%នៃពិភពលោក ដែលគ្រប់គ្រាន់អាចបំផ្លាញភពផែនដីបាន។
លោក Austin បាននិយាយនៅក្នុងពិធី ជាមួយមេបញ្ជាការទ័ពជើងគោកអាមេរិក ដែលនឹងចូលគ្រប់គ្រងឃ្លាំងអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកថា “រុស្ស៊ី ក៏កំពុងធ្វើទំនើបកម្ម និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរ”។
លោក Austin និយាយថា “នៅពេលដែលវិមានក្រឹមឡាំងបន្តសង្រ្គាមដ៏ឃោរឃៅ និងគ្មានហេតុផលប្រឆាំងអ៊ុយក្រែននោះ ពិភពលោកទាំងមូលបានឃើញថា លោកពូទីន កំពុងបង្ហាញភាពគ្មានទំនួលខុសត្រូវពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ”។
រុស្ស៊ីធ្លាប់បាននិយាយថា ខ្លួននឹងយកចិត្តទុកដាក់ជាពិសេសក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន នៅ ឆ្នាំ២០២៣។
ហើយកាលពីព្រឹកថ្ងៃសុក្រ លោក ពូទីន បានប្តេជ្ញានៅក្នុងសន្និសីទសារព័ត៌មានមួយថា ប្រទេសណាដែលហ៊ានវាយប្រហាររុស្ស៊ីដោយអាវុធនុយក្លេអ៊ែរនោះ នឹងត្រូវបាត់មុខពីផែនដី៕


ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




