ភ្នំពេញ ៖ សហរដ្ឋអាមេរិក និងអូស្ត្រាលីបាននិយាយកាលពីថ្ងៃ អង្គារ ទី៦ ខែធ្នូ ថាខ្លួននឹងស្វាគមន៍ឱ្យមានការចូលរួមពីទាហានជប៉ុន ក្នុងការឆ្លាស់ទ័ពត្រីភាគីដោយប្ដេជ្ញាបង្កើតទ័ពជួរមុខរួមគ្នាមួយដើម្បីទប់ទល់ នឹងការជឿនលឿនខាងយោធាដ៏ឆាប់រហ័សរបស់ប្រទេស ចិន ។
រដ្ឋមន្ត្រីការពារជាតិ និងក្រសួងការបរទេសអូស្ត្រាលី បានលើកឡើងថាខ្លួនបានយល់ព្រមបង្កើនល្បឿននៃអន្តរកម្មយោធាជាមួយសហរដ្ឋ អាមេរិកក្នុងអំឡុងពេលពិភាក្សាជាមួយសមភាគីនេះនៅទីក្រុងវ៉ាស៊ីនតោន ។
រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បានប្រាប់អ្នកសារព័ត៌មានថា ៖ « វាពិតជាសំខាន់ណាស់ដែលយើងធ្វើកិច្ចការ នេះតាមទស្សនៈនៃការផ្តល់តុល្យភាពនិងការចូលរួមពីប្រទេសដទៃទៀត ក្នុងតំបន់របស់យើងហើយយើងទន្ទឹងរង់ចាំមើល ដើម្បីអាចឱ្យ មានការចូលរួមកាន់តែច្រើនពីជប៉ុន » ។ លោក Marles បានថ្លែងបន្តថា ៖ « យើងអាចទៅជប៉ុននៅចុងសប្តាហ៍នេះ ហើយ នឹង អញ្ជើញជប៉ុនឱ្យចូលរួមក្នុងសមយុទ្ធបន្ថែមទៀត ជាមួយអូស្ត្រាលី និងសហរដ្ឋអាមេរិក » ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានថ្លែងថាសម្ព័ន្ធមិត្ត នឹងស្វែងរកការចូលរួមរបស់ជប៉ុនក្នុង ប្រតិបត្តិការរួមគ្នា នៅអូស្ត្រាលី ដែលសហរដ្ឋអាមេរិកបានធ្វើការឆ្លាស់កងម៉ារីនតាំងពីឆ្នាំ ២០១១ នៅទីក្រុង Darwin ដែលជាទីក្រុង យុទ្ធសាស្ត្រភាគខាងជើងអូស្រ្តាលី ដែលរងការវាយប្រហារពីជប៉ុនក្នុងសម័យសង្គ្រាមលោក លើក ទី ២ ។ លោក Austin បានបន្តថា សហរដ្ឋអាមេរិក និងអូស្ត្រាលីបានព្រមព្រៀងគ្នាក្នុងការបង្កើនការឆ្លាស់កងកម្លាំងទម្លាក់គ្រាប់បែកយន្តហោះចម្បាំង និងទាហាន និង កងទ័ពជើងទឹកសហរដ្ឋអាមេរិក ។
លោក Austin បានបន្ថែមទៀតថា ៖ « យើងបានយល់ព្រមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រីភាគី និងអញ្ជើញ ជប៉ុនឱ្យធ្វើសមាហរណកម្មទៅក្នុងគំនិតផ្តួចផ្តើមនៃកងកម្លាំងរបស់យើងនៅអូស្ត្រាលី » ។
គួរគូសបញ្ជាក់ថា ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តជាប់សន្ធិសញ្ញា របស់សហរដ្ឋអាមេរិកបានស្វែងរកកិច្ចសហប្រតិបត្តិការការទូតកាន់ តែច្រើនឡើងជាមួយអូស្ត្រាលីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មី ៗ នេះប៉ុន្តែទំនាក់ទំនង ផ្នែកការពារជាតិមានភាពរសើបជាងមុនដោយសារតែ គោលនយោបាយយោធារបស់ក្រុងតូក្យូក្រោយបរាជ័យក្នុងសង្រ្គាមលោកលើកទី ២ ។ យ៉ាងណាមិញកាលពីខែតុលាជប៉ុន និងអូស្ត្រាលី បានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនាក់ទំនង សន្តិសុខរបស់ពួកគេដោយអនុញ្ញាតឱ្យកងកម្លាំង ស្វ័យការពាររបស់ជប៉ុន ហ្វឹកហាត់ នៅ ប្រទេសអូស្ត្រាលី និងធ្វើការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ជាមួយគ្នាកាន់តែច្រើន ។
កន្លងមកសហរដ្ឋអាមេរិកអូស្រ្តាលី និងជប៉ុនបានប្រឹងប្រែងសហការជាមួយគ្នាក្នុងការទប់ទល់ នឹងការរីកសាយភាយកាន់តែខ្លាំង នៃ ឥទ្ធិពលរបស់ចិនក្រោមការដឹកនាំរបស់លោកប្រធានាធិបតីស៊ីជិន ពីង ។ ប្រទេសទាំងបី ក៏ បានធ្វើការជាមួយគ្នាផងដែរ ក្នុងពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈសម្ព័ន្ធមិត្តសន្តិសុខទាំងបួន «Quad» ដែលមាន ឥណ្ឌា មួយទៀតជាសមាជិក ដែលហាក់មានការ ស្ទាក់ស្ទើរក្នុងការចូលរួមទប់ទល់នឹងចិន ៕




ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




