យោធាមីយ៉ាន់ម៉ាបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច Arakan ស្តីពីបទឈប់បាញ់នៅរដ្ឋរ៉ាក់ឃីនភាគខាងលិច ខណៈការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើកង្វល់មនុស្សធម៌ ។
ក្រុមជនជាតិភាគតិចជាច្រើនបានប្រយុទ្ធគ្នាដើម្បីស្វ័យភាពបន្ថែមទៀត ចាប់តាំងពីមីយ៉ាន់ម៉ាទទួលបានឯករាជ្យប្រហែល ៧ ទសវត្សរ៍មុន ហើយការប្រយុទ្ធគ្នារវាងយោធា និងកងទ័ព Arakan បានផ្ទុះកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបណ្តាលឲ្យមនុស្សជាង ១០,០០០ នាក់ត្រូវភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ ។
បន្ទាប់ពីរដ្ឋប្រហារកាលពីឆ្នាំមុន កងទ័ព Arakan តាមសេចក្តីរាយការណ៍បានផ្តល់ការហ្វឹកហ្វឺន និងផ្ដល់ជំនួយដល់កងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដើម្បីតស៊ូ ក៏ដូចជាបះបោរជាមួយនឹងយោធាមីយ៉ាន់ម៉ា ។
ទន្ទឹមនោះ បទឈប់បាញ់ចុងក្រោយនេះ គឺត្រូវបានសម្របសម្រួលដោយលោក Sasakawa Yohei ប្រធានមូលនិធិមិនរកប្រាក់ចំណេញ Nippon ដែលជាបេសកជនពិសេសរបស់ប្រទេសជប៉ុនសម្រាប់សន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អស់រយៈពេលជិតមួយទសវត្សរ៍ ។
លោក Sasakawa បានប្រាប់សារព័ត៌មាន NHK ថា បទឈប់បាញ់មនុស្សធម៌នេះ នឹងដកការបិទផ្លូវគោក និងផ្លូវទឹក ដោយផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់អ្នកស្រុក ហើយកិច្ច ព្រម ព្រៀង នេះ មិន មាន រយៈពេល កំណត់ឡើយ ប៉ុន្តែ វាក៏ មិន ប្រាកដ ថា នឹង មាន ប្រសិទ្ធភាព កម្រិត ណា នោះ ផងដែរ ៕



ប្រភព NHK WORLD ប្រែសម្រួលដោយគីរីដងរែក




