ស្តេចស៊ុលតង់ Hassanal Bolkiah នៃប្រទេសព្រុយណេ បានបង្កការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ដោយលើកនេះ ទ្រង់យាងបើកព្រះទីនាំងរថយន្ត ដឹកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Anwar Ibrahim ទៅកាន់វិមាន Seri Perdana ក្នុងអំឡុងពេលដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ចពិសេស ក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃចន្ទទី ២៨ខែវិច្ឆិកានេះ។
លោក Anwar ដែលអង្គុយនៅកៅអីខាងមុខនៃរថយន្តប្រណីត ត្រូវបានគេឃើញ បក់ដៃទៅកាន់អ្នកសារព័ត៌មាននៅម៉ោងប្រហែល ១១:៤៥នាទីព្រឹក។
ព្រះអង្គម្ចាស់ Abdul Mateen Bolkiah ដែលជាបុត្រារបស់ស្តេចស៊ុលតង់ ក៏មានវត្តមានក្នុងព្រះទីនាំងនោះផងដែរ។
រថយន្ត BMW បានធ្វើដំណើរទៅកាន់វិមានផ្លូវការរបស់នាយករដ្ឋមន្ត្រីក្នុងទីក្រុង Putrajaya ចេញពីមូលដ្ឋានទ័ពអាកាសម៉ាឡេស៊ី ដែលមានចម្ងាយពីគ្នាប្រហែល៤១គីឡូម៉ែត្រ។
នេះគឺ ជា ជំនួប លើក ដំបូង របស់ ស្តេច ស៊ុលតង់ព្រុយណេ ជាមួយ លោក Anwar បន្ទាប់ពីគាត់ ស្បថ ចូល កាន់ តំណែង ជា នាយក រដ្ឋមន្ត្រី ទី ១០ របស់ ម៉ាឡេស៊ី។
គួរបញ្ជាក់ថា ដំណើរព្រះរាជទស្សនកិច្ចលើកចុងក្រោយរបស់ស្តេចស៊ុលតង់ ទៅកាន់ទីក្រុងគូឡាឡាំពួ គឺចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ខែមីនា ឆ្នាំ២០១៩ ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំឆ្នាំលើកទី ២២ រវាងម៉ាឡេស៊ី និងព្រុយណេ។
ព្រុយណេ គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៣០របស់ម៉ាឡេស៊ី និងធំលំដាប់ទី៦ក្នុងអាស៊ាន ជាមួយនឹងទំហំពាណិជ្ជកម្មសរុប ១.៩៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១៕



ប្រែសម្រួលដោយគីរីដងរែក




