អាមេរិក៖របាយការណ៍ ចុង ក្រោយ បង្អស់ របស់ ក្រុមហ៊ុន Meta ដែល ជា ក្រុម ហ៊ុន មេ របស់ ហ្វេសប៊ុក បាន អះ អាង ថា បុគ្គល ដែល មាន ទំនាក់ ទំនង ជាមួយ យោធា អាមេរិក បាន ជាប់ ពាក់ ព័ន្ធ នឹង យុទ្ធនាការ ឃោសនា តាម អ៊ីនធឺណិត មួយ ។
របាយការណ៍ នេះ ចេញ ផ្សាយ ឡើង បន្ទាប់ ពី ក្រុម ហ៊ុន វិភាគ បណ្ដាញ សង្គម Graphika and Stanford Internet Observatory (SIO) កាល ពី ខែ សីហា បាន អះ អាង ថា មាន យុទ្ធនាការ មួយ ដែល ជា ប្រតិបត្តិការ ឃោសនា សម្ងាត់ គាំទ្រ សហរដ្ឋ អាមេរិក ដំបូង គេ ប៉ុន្តែ ត្រូវ បាន ក្រុមហ៊ុន បច្ចេកវិទ្យា ធំៗ ចាត់វិធាន ការ ដក ចេញ ។ យុទ្ធ នាការ នោះ គាំទ្រ អាមេរិក និង សម្ព័ន្ធ មិត្ត ហើយ ប្រឆាំង ប្រទេស ដូច ជា រុស្ស៊ី ចិន និង អ៊ីរ៉ង់ ។ ទោះ បី ជា យ៉ាង នេះ ក្ដី អ្នក ជំនាញ បានគូស បញ្ជាក់ ថា វា មិន មាន ប្រសិទ្ធ ភាព នោះ ទេ ។
របាយការណ៍ចុង ក្រោយ របស់ Meta បង្ហាញ ថា មាន គណនី ចំនួន ៣៩ ផេក ចំនួន ១៦ និង គ្រុប ចំនួន ២ នៅ លើ ហ្វេសប៊ុក និង គណនី ចំនួន ២៦ នៅ លើ អ៊ីនស្តាក្រាម ត្រូវ បាន ដក ចេញ ចំពោះ ការ បំពាន គោល ការណ៍ របស់ វេទិកា ទាំង ២ ។
Meta បាន សរសេរ ថា ៖ « បណ្តាញ នេះ មាន ប្រភព មក ពី សហរដ្ឋ អាមេរិក » ។ ក្រុម ហ៊ុន បន្ថែម ថា វា ដាក់ គោល ដៅ លើ ប្រទេស រួម មាន អាហ្វហ្គានីស្ថាន អាល់ហ្សេរី អ៊ីរ៉ង់ អ៊ីរ៉ាក់ កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្សី សូម៉ាលី ស៊ីរី តាហ្ស៊ីកៀស្ថាន អ៊ូសបេគីស្ថាន និង យេម៉ែន ។ ប្រតិបត្តិការ របស់ វា ក៏ ដូច គ្នា ផង ដែរទៅ នឹង យុទ្ធសាស្ត្រ ដែល ប្រើ ជា ទូទៅ ក្នុង យុទ្ធនាការ ឃោសនា ប្រឆាំង នឹង លោក ខាង លិច ដូច ជា គណនី ក្លែង ក្លាយ រូប ភាព សិប្ប និម្មិត និង យុទ្ធនាការ ដែល ធ្វើ ឡើង នៅ លើ វេទិកា ច្រើន ។
ជុំ វិញ បញ្ហា នេះ ក្រុម ស្រាវជ្រាវ ឯក រាជ្យ SIO ធ្លាប់ និយាយ ដោយ លើក ឡើង ពី ឧទាហរណ៍ ជាក់ ស្ដែង មួយ ថា គណនី ដែល ផ្តោត លើ ប្រទេស អ៊ីរ៉ង់ បាន រិះ គន់ អាជ្ញាធរ អ៊ីរ៉ង់ និង គោល នយោបាយ របស់ ពួក គេ ហើយ បាន បង្ហោះ មាតិកា ផ្សេង ៗ អំពី បញ្ហា ជាច្រើន រួម ទាំង សិទ្ធិ ស្ត្រី ជាដើម ។ ក្នុង ចំណោម នោះ មាន គណនី ខ្លះ បាន ក្លែង ធ្វើ ជា ប្រព័ន្ធ ផ្សព្វ ផ្សាយ ឯករាជ្យ ហើយ ខ្លះ ទៀត បាន យក ខ្លឹមសារ ពី បណ្តាញ ប្រព័ន្ធ ផ្សព្វ ផ្សាយ ផ្សេង ៗ មក ចុះ ផ្សាយ ធ្វើ ជា របស់ ខ្លួន ។
ក្រុម ហ៊ុន Meta អះ អាង ថា ប្រតិបត្តិការ នេះ បាន ដំណើរ ការ លើ បណ្ដាញ អ៊ិនធឺរណិត ជា ច្រើន ផ្សេង ទៀត រួម មាន ទាំង ធ្វីតធឺរ យូធូប តេឡេក្រាម VKontakte និង Odnoklassniki។ ក្រុម ហ៊ុន និយាយ ក្នុង របាយការណ៍ យ៉ាង ដូច្នេះ ថា ៖ « ទោះ បី ជា បុគ្គល ដែល នៅ ពី ក្រោយ ប្រតិបត្តិការ នេះ ព្យាយាម លាក់ បាំង អត្តសញ្ញាណ និង ការ សម្រប សម្រួល របស់ ពួក គេ ក៏ ដោយ ការ ស៊ើប អង្កេត របស់ យើង បាន រក ឃើញ ថា ពួគ គេ មាន ទំនាក់ ទំនង ជាមួយ បុគ្គល ដែល ពាក់ ព័ន្ធ ជាមួយ យោធា សហរដ្ឋ អាមេរិក» ។
អ្នក ជំនាញនិយាយ ថា ការ បង្ហោះ មាតិកា ភាគ ច្រើន មាន ការ ចូល រួម (Engagement) តិច តួច ពី អ្នក ប្រើ ប្រាស់ (user) ពិត ប្រាកដ ។ ត្រង់ ចំណុច នេះ លោក Andy Carvin ដែល ជា អ្នក គ្រប់ គ្រង កម្មវិធី Digital Forensic Research Lab របស់ សហរដ្ឋ អាមេរិក បានធ្លាប់ ថ្លែង ប្រាប់ បណ្ដាញ ព័ត៌មាន BBC ថា វា គ្មាន ប្រសិទ្ធភាព ឬ ជា យុទ្ធ សាស្រ្ត ល្អ សម្រាប់ លទ្ធិ ប្រជាធិបតេយ្យ ក្នុង ការ ធ្វើ យុទ្ធនាការ បែប នេះ ទេ ព្រោះ វា ជា ការ ប្រើ កល ល្បិច ដែល សត្រូវ ប្រើ ហើយ ក៏ បំផ្លាញ ទំនុក ចិត្ត សាធារណៈ បន្ថែម ទៀត ផង ។
គួរ រំឭក ផង ដែរ ថា របាយការណ៍ របស់ ក្រុម ហ៊ុន Meta ក៏ គូស បញ្ជាក់ ផង ដែរ ខ្លួន បាន ចាត់ វិធាន ការ ដូច គ្នា ទៅ នឹង យុទ្ធ នាការឃោសនា ប្រឆាំង នឹង លោក ខាង លិច រួម មាន ទាំង សហរដ្ឋ អាមេរិក និង អ៊ុយក្រែន ដោយ គណនី ផេក ឬ គ្រុប ដែល បម្រើ ឱ្យ ប្រតិបត្តិការ នោះ មាន ប្រភព ធំ មក ពី ចិន និង រុស្ស៊ី ៕




ប្រែសម្រួលដោយគីរីដងរែក




