រុស្ស៊ីទទួលស្គាល់ថាពិតជាបានធ្វើការវាយប្រហារទ្រង់ទ្រាយធំកម្ទេចទីតាំងនៃប្រភពថាមពល និងបញ្ជាការយោធារបស់អ៊ុយក្រែន ប៉ុន្តែមិនបានវាយប្រហារលើរដ្ឋធានីកៀវឡើយ ។
រុស្ស៊ី បញ្ជាក់ថា មិនមានគោលដៅណាមួយក្នុងទីក្រុងកៀវត្រូវបានកងកម្លាំងរុស្ស៊ីវាយប្រហារឡើយ ហើយផ្ទុយមកវិញ កាំជ្រួចមីស៊ីលដែលបាញ់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនទេ ដែលបានធ្លាក់នៅតំបន់លំនៅដ្ឋានក្នុងទីក្រុងកៀវនោះ ។
ការវាយប្រហារនេះបានធ្វើឲ្យប្រជាជនក្នុងទីក្រុងកៀវដាច់ចរន្តអគ្គិសនី និងប្រភពទឹកប្រើប្រាស់ ស្របពេលអាកាសធាតុចុះត្រជាក់ខ្លាំង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ការវាយប្រហារនេះ គឺជាអំពើភេរវកម្មលើប្រភពថាមពលរបស់អ៊ុយក្រែន ពីសំណាក់កងកម្លាំងរុស្ស៊ី ។
បន្ថែមពីនេះ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន រាយការណ៍ថា រុស្ស៊ីនៅតែមានកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង ហើយរុស្ស៊ីនឹងបន្តវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំបន្ថែមទៀតមកលើអ៊ុយក្រែន យ៉ាងហោច ក៏មួយដងដែរក្នុងមួយសប្តាហ៍ ជាពិសេសទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងមន្ទីរពេទ្យ ដែលភាគច្រើននៅតំបន់ភាគខាងកើត និងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ៕



ប្រែសម្រួលដោយគីរីដងរែក




