ប្រធានាធិបតី អាមេរិក លោក Joe Biden នឹង មិន ចូល រួម កិច្ច ប្រជុំកំពូល APEC ក្នុងទីក្រុងបាងកក នៅ ថ្ងៃ ទី ១៨-១៩ ខែ វិច្ឆិកានេះទេ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសថៃលោក Tanee Sangrat។
លោក Tanee និយាយថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងមកចូលរួមជំនួសលោក Biden។
យោងតាមរបាយការណ៍, លោក Biden នឹងត្រូវទទួលភ្ញៀវក្នុងពិធីរៀបអាពាហ៍ពិពាហ៍ចៅស្រីច្បងរបស់គាត់ឈ្មោះ Naomi Biden នៅថ្ងៃទី១៩ខែវិច្ឆិកាក្នុងសេតវិមាន។ Naomi គឺជាកូនស្រីច្បងរបស់លោក Hunter ដែលត្រូវជាកូនប្រុសរបស់លោក Biden។
ប្រធានាធិបតី អាមេរិក លោក Joe Biden (ឆ្វេង) និងចៅស្រីច្បងឈ្មោះ Naomi Biden
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បាននិយាយថា ប្រជាជនមិនចាំបាច់យកចិត្តទុកដាក់ទៅលើថាតើនរណានឹងតំណាងឲ្យប្រទេសអ្វី មកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះនោះទេ។ ការផ្តោតសំខាន់គឺទៅលើប្រទេសណាដែលនឹងមកចូលរួម ឬប្រទេសណាមិនចូលរួម។
អគ្គស្នងការរងនគរបាលជាតិថៃ លោក Damrongsak Kittiprapas បាននិយាយថា មន្ត្រីប៉ូលិសជាង ១៥ ០០០នាក់នឹងត្រូវដាក់ពង្រាយ ដើម្បីធានាសន្តិសុខនៅកន្លែងនៃកិច្ចប្រជុំកំពូល APEC ទាំងក្នុង និងក្រៅទីក្រុងបាងកក៕




ប្រែសម្រួលដោយគីរីដងរែក




