33 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជលផលលែងត្រីដែលតំណាងឱ្យប្រទេសកម្ពុជា ដែលជិតផុតពូជមួយហ្វូងចូលទៅក្នុងបឹងទន្លេសាប

- Advertisement -spot_img

សៀមរាប៖ ដើម្បីជួយសង្គ្រោះត្រីដែលរងគ្រោះជិតផុតពូជខ្លាំងបំផុតក្នុងពិភពលោក ក្រុមអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញជលផលជាតិ អន្តរជាតិ បានធ្វើការលែងត្រីបីប្រភេទ ដែលជាប្រភេទជិតផុតពូជចូលក្នុងបឹងទន្លេសាប។

ការលែងត្រីនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ នៅក្នុងឡូត៍អភិរក្សរបស់ខណ្ឌរដ្ឋបាលជលផលសៀមរាប ដែលស្ថិតនៅក្នុងបឹងទន្លេសាប ភូមិសាស្ត្រសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។

ក្នុងឱកាសនោះ លោកបណ្ឌិត ហ្សេប ហូហ្គេន ជីវវិទូមច្ឆជាតិនៅសាកលវិទ្យាល័យណេវ៉ាដា រ៉េណូ និងជាអ្នកដឹកនាំគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ដែលគាំទ្រដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID បានមានប្រសាសន៍ថា នេះគឺជាជំហានដំបូងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារចំនួនត្រីទឹកសាបដ៏ធំបំផុតរបស់ពិភពលោក។ ការថែររក្សាទុកបម្រុងត្រី ត្រូវបានបង្ហាញឲ្យឃើញថាវាជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការការពារជីវចម្រុះក្នុងទឹក និងការជំរុញជីវម៉ាសរបស់ត្រី។ វាគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលគេត្រូវការដើម្បីស្ដារប្រភេទសត្វទាំងនេះឱ្យជៀសផុតពីការខិតជិតការផុតពូជ។

ទន្ទឹមនឹងនេះ លោក ពុម្ព ស៊ីថា អគ្គនាយករដ្ឋបាលជលផលក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការក្នុងការបង្កើតកន្លែងអភិរក្សត្រី ការពារតំបន់ស្នូលនៃតំបន់បម្រុងជីវមណ្ឌលទន្លេសាប និងបង្កើតសហគមន៍នេសាទជាផ្លូវការ និងតំបន់បម្រុងដែលពាក់ព័ន្ធ ដែលសកម្មភាពទាំងនេះធ្វើឱ្យកម្ពុជាក្លាយជាកន្លែង ស័ក្តិសមបំផុតក្នុងការចាប់ផ្ដើមស្តារចំនួនត្រីទន្លេមេគង្គដែលជិតផុតពូជ។ លោកថា ថ្ងៃនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងរយៈពេល ជាច្រើនឆ្នាំ ដើម្បីសាកល្បងមើលពីប្រសិទ្ធភាពនៃការប្រើប្រាស់ បណ្តាញត្រីបម្រុងដ៏ធំរបស់កម្ពុជា ដើម្បីលែងត្រីជិតផុតពូជដែលគេបានចិញ្ចឹមទុកឲ្យត្រលប់ទៅក្នុងធម្មជាតិវិញ។ គោលដៅសំខាន់គឺការពារត្រីរហូតដល់ពួកវាធំល្មម អាចធ្វើការបន្តពូជបាន ដើម្បីគាំទ្រដល់វិស័យជលផល និងជីវៈចម្រុះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គម្រោងអច្ឆរិយៈមេគង្គបានឲ្យដឹងថា ត្រីទាំងបីប្រភេទដែលត្រូវលែងនេះ ត្រីរាជចំនួន២ក្បាល ត្រីគល់រាំងចំនួន ៥០០ក្បាល និងត្រីប្រាចំនួន ១.៥០០ក្បាល៕


អត្ថបទ និងរូបភាព ដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img