29.9 C
Phnom Penh
Thursday, March 19, 2026
- Advertisement -spot_img

លោក ស៊ី ជិនពីង ប្រាប់ លោក បៃដិន មិនអោយលុកដៃបញ្ហាតៃវ៉ាន់នៅG20

- Advertisement -spot_img

ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងជំនួបទល់មុខផ្ទាល់លើកដំបូង រវាងមេដឹកនាំចិន-អាមេរិក គិតចាប់តាំងពីឆ្នាំ២០១៧មក ថាបញ្ហាកោះតៃវ៉ាន់គឺជា បញ្ហាចម្បងជាងគេបំផុតនៃផលប្រយោជន៍ ស្នូល របស់ប្រទេសចិន ហើយជា «ខ្សែបន្ទាត់ក្រហមដំបូងបង្អស់» នៅក្នុងចំណងទាក់ទងទ្វេភាគី ដែលមិនត្រូវឈានជើងឆ្លងកាត់ជាដាច់ ខាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

កំលុងកិច្ចប្រជុំទ្វេភាគីខាងលើ ដែលបានប្រព្រឹត្តទៅនៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី និងជាជំនួបទល់មុខគ្នាលើកដំបូងរវាង អ្នកទាំងពីរ គិតចាប់តាំងលោក បៃដិន បានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២១មក លោក ស៉ី ជិនពីង បានទទូចឱ្យមេដឹកនាំអាមេរិករូបនេះ ប្រែក្លាយពាក្យសម្តីប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៉ីនតោន ចំពោះទីក្រុងប៉េកាំងពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្តែង។

ជាមួយគ្នានោះ លោកប្រធានាធិបតីចិន ក៏បានលើកឡើងយ៉ាងដូច្នេះផងដែរថា «បញ្ហាកោះតៃវ៉ាន់ គឺជារឿងដ៏សំខាន់ជាទីបំផុត នៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាសសរគ្រឹះនៃមូលដ្ឋាននយោបាយ សម្រាប់ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ហើយជាខ្សែបន្ទាត់ក្រហមដំបូងគេ ដែលមិនត្រូវឆ្លងកាត់ជាដាច់ខាត ក្នុងចំណងទាក់ទងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃប្រទេសចិន ខណៈប៉ុន្មានឆ្នាំចុងក្រោយមកនេះ សហរដ្ឋអាមេរិក ត្រូវបានចិនចោទប្រកាន់ជារឿយៗថា លើកទឹកចិត្តដល់ចលនាស្វែងរកឯករាជ្យរបស់តៃវ៉ាន់៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img