25.6 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

មេដឹកនាំអាស៊ាន និងអាមេរិក ឯកភាពគ្នាដំឡើងកិច្ចសហប្រតិបត្តិការពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

- Advertisement -spot_img

មេដឹកនាំអាស៊ាន និងអាមេរិក បានឯកភាពគ្នាដំឡើងកិច្ចសហប្រតិបត្តិការពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនកិច្ចសហការលើគ្រប់វិស័យ និងដោះស្រាយបញ្ហាប្រឈមរួមគ្នានៅក្នុងតំបន់។
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ ត្រូវបានធ្វើឡើង នៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ ដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលជាប្រធានអាស៊ាន និងបណ្តាមេដឹកនាំនៃប្រទេសសមាជិកអាស៊ាន និងលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក នៅសណ្ឋាគារសុខាភ្នំពេញ។
លោក គង់ ភោគ អ្នកនាំពាក្យនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ បានថ្លែងថា កិច្ចសហការអាស៊ាន និងអាមេរិក ត្រូវបានឈានដល់មួយកម្រិតទៀត ដោយក្នុងនោះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសបង្កើតភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ដូច្នេះ បន្ទាប់ពីមានការប្រកាសបែបនេះ វាមានភាពចាំបាច់សម្រាប់ប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីធ្វើការស្វែងរក ថាតើផ្នែកណាខ្លះដែលជាអាទិភាពត្រូវបញ្ចូលទៅក្នុងភាពជាដៃគូ។
លោកគង់ ភោគ ថ្លែងថា៖ «យើងមើលពីទំនាក់ទំនង អាមេរិកនិងអាស៊ាន គឺមានភាពគ្រប់ជ្រុងជ្រោយរួចទៅហើយ បានន័យថា សហរដ្ឋអាមេរិក និងសមាជិកអាស៊ាន បានសហការយ៉ាងច្រើនទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ សង្គម វប្បធម៌»។ «យើងសង្ឃឹមថា បន្ទាប់ពីការបង្កើតភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះហើយ សហរដ្ឋអាមេរិក និងសមាជិកអាស៊ាន នឹងពង្រឹងភាពជាដៃគូនេះឱ្យកាន់តែស៊ីជម្រៅ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានអាស៊ាន បានទទួលធ្វើជំនួបពិភាក្សាកំពូលទ្វេភាគីជាមួយ លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជំនួបនេះត្រូវបានធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
លោក អ៊ាង សុផល្លែត អ្នកនាំពាក្យផ្ទាល់របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីជំនួបទ្វេភាគី ថា លោក ចូ បៃដិន បានថ្លែងអំណរគុណជូនចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានផ្ញើសារយ៉ាងច្បាស់ចំពោះការឈ្លានពានរបស់ រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន។ លោក ចូ បៃដិន បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេស ចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង ហើយសហរដ្ឋអាមេរិកគាំទ្រ មជ្ឈភាពអាស៊ាន។
លោក អ៊ាង សុផល្លែត ថ្លែងថា លោក ចូ បៃដិន ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ានក្នុងការប្រឹងប្រែងដោះស្រាយបញ្ហានៅប្រទេស មីយ៉ាន់ម៉ា ដើម្បីឱ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ លោក ហ៊ុន សែន ក៏បានជម្រាបជូនលោក ចូ បៃដិន អំពីកិច្ចសហប្រតិបត្តិការជាមួយជប៉ុន លើការជួយឱ្យប្រទេសអ៊ុយក្រែន ក្នុងការដោះមីន និងប្រឆាំងការប្រើប្រាស់ពាក្យសម្ដីគំរាមកំហែង និងការប្រើប្រាស់នុយក្លេអ៊ែរ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img