យោងតាមសារព័ត៌មាន NHK ចុះផ្សាយថា ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅរាជធានីភ្នំពេញ នាថ្ងៃអាទិត្យ ទី១៣ ខែវិច្ឆិកានេះ បញ្ហារួមទាំង កូរ៉េខាងជើង និងអ៊ុយក្រែន នឹងត្រូវបានលើកយកមកពិភាក្សាពីសំណាក់មេដឹកនាំកំពូលៗ ។
ក្នុងកិច្ចប្រជុំកំពូលនេះ រួមមានសមាជិកនៃប្រទេសអាស៊ាន ហើយក៏មានវត្តមានរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio, ប្រធានាធិបតីអាមេរិកលោក Joe Biden, លោកនាយករដ្ឋមន្ត្រីចិន Li Keqiang និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov និង ប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកដទៃទៀតចូលរួមផងដែរ ។
ចំពោះបញ្ហាដែលមេដឹកនាំទាំងនោះ នឹងត្រូវលើកយកមកពិភាក្សាក្នុងសេចក្ដីព្រាងនោះ គឺក្តីបារម្ភចំពោះការបាញ់មីស៊ីលនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោកទាំងមូល ។ មិនតែប៉ុណ្ណោះ ក៏អំពាវនាវដល់ទីក្រុងព្យុងយ៉ាង គោរពឲ្យបានពេញលេញនូវដំណោះស្រាយដែលពាក់ព័ន្ធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។
ចំណែកទាក់ទងនឹងសង្រ្គាមនៅអ៊ុយក្រែនវិញ បញ្ហាដែលសំខាន់នោះ គឺ សារៈសំខាន់ នៃ ការ បញ្ឈប់ អរិភាព ជា បន្ទាន់ ហើយក៏តម្រូវឲ្យមានការ គោរព អធិបតេយ្យភាព ឯករាជ្យ ភាព នយោបាយ និង បូរណភាព ទឹកដីជាដើម ។
ទន្ទឹមនោះ សេចក្តីព្រាងច្បាប់នេះ ក៏លើកឡើងផងដែរ ពីស្ថានភាពនៅសមុទ្រចិនខាងត្បូង ដោយសង្កត់ធ្ងន់លើ តម្រូវការដើម្បីបង្កើនទំនុកចិត្តទៅវិញទៅមក ក៏ដូចជាអនុវត្តការអត់ធ្មត់ ចំពោះការធ្វើសកម្មភាពដែលអាចនឹងធ្វើឲ្យមានភាពស្មុគស្មាញ ឬបង្កើនជម្លោះ ។
ស្របពេលជាមួយគ្នានេះ នៅក្នុងកិច្ចប្រជុំកំពូលនោះក៏នឹងមានការជជែកដេញដោលយ៉ាងក្តៅគគុកផងដែរ ពីសំណាក់មហាអំណាចដូចជា សហរដ្ឋអាមេរិក ចិន និងរុស្ស៊ី ចំពោះបញ្ហាកូរ៉េខាងជើង និងសង្គ្រាមនៅអ៊ុយក្រែននេះ ៕



ប្រភព NHK ប្រែសម្រួលដោយគីរីដងរែក




