អាមេរិក៖មេបញ្ជាការផ្នែកយុទ្ធសាស្ត្រ របស់អាមេរិក លោកនាយឧត្តមនាវី ឆាលស៍ រីឆាដ (Charles A. Richard) បានព្រមានថា ប្រទេសចិនកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរលឿនជាងអាមេរិក និងបានហៅវាថាជាបញ្ហាដែលត្រូវឆាប់ ដោះស្រាយ ។ លោក រីឆាដ បានលើកឡើងបែបនេះក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯព្រឹត្តិការណ៍មួយកាលពីសប្តាហ៍មុន ។
មន្ត្រីនៃមន្ទីរបញ្ចកោណ បាននិងកំពុងប្រកាសអាសន្នពីការកសាងនិងអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ចិនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ក៏ប៉ុន្តែ ការអត្ថាធិប្បាយរបស់លោកនាយឧត្តមនាវីអាមេរិក រីឆាដ បានរំលេចថាបញ្ហានេះ កាន់តែធ្ងន់ធ្ងរនិងបន្ទាន់ជាងមុន ។
«នៅពេលខ្ញុំវាយតម្លៃកម្រិតនៃការទប់ទល់របស់យើងប្រឆាំងនឹងចិន កប៉ាល់កំពុងលិចបន្តិចម្តងៗ ។ វាកំពុងលិច ដោយហេតុថា ចិនកំពុងពង្រឹងសមត្ថភាពក្នុងវិស័យនេះលឿនជាងយើង »។ នេះគឺជា ការ លើកឡើងរបស់លោក រីឆាដ ។
បន្ថែមលើនេះ លោកនាយឧត្តមនាវីអាមេរិក បានហៅការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិនថាជាបញ្ហាដែលត្រូវតែឆាប់ដោះស្រាយ ។
គួរជ្រាបថា ប្រមុខយោធានុយក្លេអ៊ែរអាមេរិក បានធ្វើការព្រមានអំពីល្បឿននៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិន ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅឯសន្និសីទប្រចាំឆ្នាំរបស់របស់កងទ័ពជើងទឹក កាលពីថ្ងៃពុធសប្តាហ៍មុន ។ នេះជាព្រឹត្តិការណ៍សម្ងាត់មួយ ប៉ុន្តែការអត្ថាធិប្បាយរបស់លោក រីឆាដ ត្រូវបានគេយកទៅចុះផ្សាយ នៅក្នុងអត្ថបទព័ត៌មាន របស់ក្រសួងការពារជាតិ កាលពីថ្ងៃសុក្រ ។
រដ្ឋបាល របស់លោក ចូ បៃដិន បានហៅចិនថាជាដៃគូប្រកួតប្រជែងដ៏សំខាន់ របស់ សហរដ្ឋអាមេរិក និងបានព្រមានអំពីការអភិវឌ្ឍកម្មវិធីយោធា និងអាវុធនុយក្លេអ៊ែររបស់ចិន នៅក្នុងឯកសារគោលនយោបាយ ជាបន្តបន្ទាប់ ។ ឯកសារគោលនយោបាយ ដែលត្រូវបានចេញផ្សាយ កាលពីចុងខែតុលានេះ ពន្យល់ពី យុទ្ធសាស្ត្រផ្នែកការពារជាតិ និងយោធា របស់អាមេរិក។
ដោយឡែក មន្ត្រីការពារជាតិជាន់ខ្ពស់ អាមេរិកមួយរូបទៀត បាននិយាយអំពីយុទ្ធសាស្ត្រនេះថា ប្រទេសចិនគឺជា បញ្ហា ដែលសហរដ្ឋអាមេរិកត្រូវដោះស្រាយ ពីព្រោះចិនគឺគូប្រជែងតែមួយគត់ដែលមានទាំងចេតនា និងសមត្ថភាព កាន់តែខ្លាំងឡើង ក្នុងការប្រកួតប្រជែងជាមួយអាមេរិកមិនថាលើផ្នែកយោធា សេដ្ឋកិច្ច បច្ចេកវិទ្យា ឬផ្នែកការទូតឡើយ ។
ឯកសារគោលនយោបាយមួយរបស់អាមេរិក បានលើកឡើងអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ចិនថា ប្រទេសចិន ទំនងជាមានគោលដៅ ផលិតក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យបានយ៉ាងហោចណាស់ ១ ០០០ គ្រាប់នៅចុងទសវត្សរ៍នេះ ។
ប្រមុខយោធានុយក្លេអ៊ែរអាមេរិក លោក រីឆាដ ធ្លាប់បានព្រមានហើយដែរ អំពីការ អភិវឌ្ឍនុយក្លេអ៊ែរ របស់ ចិនក្នុងឆ្នាំ ២០២១ ដោយហៅកម្មវិធីរបស់ចិននេះ ថាជាការបំបែកយុទ្ធសាស្ត្រមួយ ៕


ប្រែសម្រួលដោយគីរីដងរែក




