ភ្នំពេញ៖ ឯកឧត្តម Raul Fornes Valenciano សមាជិករដ្ឋសភាគុយបា បានបង្ហាញការគាំទ្រ និងរីករាយសហការ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ក្នុងដំណើរឆ្ពោះទោព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការលើងឡើងនេះធ្វើក្នុងជំនួបរវាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាមួយឯកឧត្តម Raul Fornes Valenciano សមាជិករដ្ឋសភាគុយបា និងលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ក្នុងជំនួបឪកាសនោះឯកឧត្តមរដ្ឋលេខាធិការ បានរំឮកអំពីការចុះអនុស្សារណយោគយល់គ្នា(MOU) ចំនួន ៥ចំណុច រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលគុយបា អំឡុងថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ បានធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយកករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូ ទៅទស្សនកិច្ចនៅប្រទេសគុយបាកាលពីថ្មីៗ។ ឯកឧត្តម បានរំលេចនូវចំណុចសំខាន់មួយ ក្នុងការចុះ MOU រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលទាំង២ ក្នុងចំណោម ៥ចំណុច គឺការពង្រឹងលើវិស័យកីឡា ដ្បិតកន្លងមក ប្រទេសទាំងពីរ ធ្លាប់មានកិច្ចសហការល្អរួចមកហើយ លើទំនាក់ទំនងវិស័យកីឡានេះ ជាក់ស្ដែងគុយបា បានផ្ដល់មន្ដ្រីបច្ចេកទេស និងគ្រូ មកជួយដល់វិស័យកីឡាកម្ពុជាមួយចំនួនមកហើយ ដូចជាកីឡាប្រដាល់សកល បាល់ទះ និងកីឡាមួយចំនួនទៀត ។
ឯកឧត្តម ស សុខា បានស្នើភាគីគុយបា ផ្ដល់នូវមន្ដ្រីបច្ចេកទេសផ្នែកវេជ្ជសាស្ដ្រ ក៏ដូចជាមន្ដ្រីបច្ចេកទេស និងគ្រូកីឡាកម្រិតខ្ពស់ ដើម្បីជួយលើប្រភេទកីឡាមួយចំនួនទៀត ដូចជាកីឡាប្រដាល់សកល យូដូ បាល់ទះ អត្តពលកម្ម និងកីឡាបេស្បល់ជាដើម ដើម្បីពង្រឹងលទ្ធភាពរបស់ក្រុមកីឡាកម្ពុជា ក្នុងដំណើរឆ្ពោះទៅដណ្ដើមមេដាយមាសស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៣ខាងមុខ ដោយសារប្រទេសគុយបា មានប្រភេទកីឡាសក្ដានុពលមួយចំនួន។ បន្ថែមលើនេះ ឯកឧត្តម ក៏បានស្នើឲ្យមានការសម្របសម្រួល ក្នុងការបញ្ជូនមន្ដ្រីបច្ចេកទេស ៣រូប ផ្នែករៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ ដើម្បីសិក្សារយៈពេលខ្លី ក្នុងការត្រៀមខ្លួនសម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខផងដែរ ។
ជាការឆ្លើយតបភាគីគុយបា ឯកឧត្តម Raul Fornes Valenciano បានគាំទ្រចំពោះសំណូមពរ និងរីករាយ សហការ ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជាដើម្បីពង្រឹងទំនាក់ទំនងយូរអង្វែងរវាងប្រទេសទាំងពីរផងដែរ៕




ដោយគីរីដងរែក




