ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ ឆ្នាំរបស់គាត់នៅថ្ងៃសុក្រ ទី៧ ខែតុលានេះ ។
យោងតាមកាសែត Rodong Sinmun របស់បក្សកាន់អំណាច, លិខិតនោះបាននិយាយថា “រុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសពីបញ្ហាប្រឈម និងការគំរាមកំហែងដោយសហរដ្ឋអាមេរិក និងកងកម្លាំងមហាអំណាចផ្សេងៗ” ។
លោក គីម បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីត្រូវបានពង្រឹង “មិនធ្លាប់មានពីមុនមក” នៅក្នុងការតស៊ូដើម្បីសម្រេចបាននូវយុត្តិធម៌អន្តរជាតិ ។
មេដឹកនាំកូរ៉េខាងជើងរូបនេះសង្ឃឹមថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក និងលោក ពូទីន នឹងដើរតួនាទីកាន់តែធំក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថារុស្ស៊ី និងកូរ៉េ ខាងជើងបាន និងកំពុងបង្កើនទំនាក់ទំនងយ៉ាងឆាប់រហ័សចាប់តាំងពីសង្គ្រាមលុកលុយលើ អ៊ុយក្រែន បាន ផ្ទុះឡើងកាលពី ខែ កុម្ភៈ ខណៈកាលពីពេលថ្មីៗនេះ រុស្ស៊ី និងចិនក៏បានការពារការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ៕


ប្រភព NHK WORLD ប្រែសម្រួលដោយគីរីដងរែក




