សហរដ្ឋអាមេរិក និងរុស្ស៊ីចោទប្រកាន់គ្នាទៅវិញទៅមកថា បានបំផ្លិចបំផ្លាញបំពង់បង្ហូរឧស្ម័នក្រោមបាតសមុទ្រចំនួនពីរ តភ្ជាប់ពីរុស្ស៊ី និងអាល្លឺម៉ង់ ដែល បណ្តាល ឲ្យ មានការ លេចធ្លាយចេញក្រៅ។
ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសុក្រ បាននិយាយថា “ក្រុម Anglo-Saxons ជឿថាការ ដាក់ ទណ្ឌកម្មលែងគ្រប់គ្រាន់ហើយឥឡូវនេះ ទើបពួកគេបានងាកទៅរកការបំផ្លិចបំផ្លាញ” ។
ដោយឡែក ប្រធានាធិបតី អាមេរិកលោក Joe Biden បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាននៅ ថ្ងៃដដែលនោះហើយ បានហៅការលេចធ្លាយ ឧស្ម័ននេះថាជា “ទង្វើដោយចេតនា នៃការបំផ្លិចបំផ្លាញ” ។ លោកបានចោទជនជាតិរុស្ស៊ីថាបានបញ្ចេញ ព័ត៌មានមិនពិតនិងភូតភរហើយ និយាយថា “កុំស្ដាប់នូវអ្វី ដែលលោកពូទីន កំពុងនិយាយ” បន្ទាប់ពីលោកបានបង្ហាញ ពីចេតនា ដោយបញ្ជូនអ្នកមុជទឹកដើម្បីស្វែងរកការពិត ដែលបណ្ដាលឲ្យ មានការលេចធ្លាយ។
ជាមួយគ្នានេះដែរអង្គការណាតូបានអះអាងថាសម្ព័ន្ធភាពយោធា នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំង នឹងការវាយប្រហារដោយ ចេតនាណាមួយលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៃប្រទេសជាសមាជិករបស់ខ្លួន។
គួររម្លឹកដែរ ថាប្រព័ន្ធបំពង់បង្ហូរ Nord Stream គឺជាហេដ្ឋារចនាសម្ពន្ធថាមពលដ៏សំខាន់សម្រាប់ប្រទេសអាល្លឺម៉ង់ និងប្រទេសអឺរ៉ុប ផ្សេងទៀតខណៈការលេចធ្លាយឧស្ម័នចេញពីបំពង់បង្ហូរឧស្ម័នធម្មជាតិនេះនៅក្រោមសមុទ្របាល់ទិកត្រូវបានបញ្ជាក់កាលពីចុងខែកញ្ញា៕



ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




