សេអ៊ូល៖ មន្ត្រីបាននិយាយថា អគ្គិភ័យបានឆាបឆេះនៅបន្ទប់ក្រោមដីនៃផ្សារទំនើបមួយក្នុងទីក្រុង Daejeon របស់ប្រទេសកូរ៉េខាងត្បូង កាលពីព្រឹកថ្ងៃទី២៦ ខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ ។
លោក Go Seung-cheol មន្ត្រីនៅទីស្នាក់ការកណ្តាលអគ្គិភ័យ Daejeon បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងបន្តស្វែងរកអ្នកនៅរស់ បន្ទាប់ពីពន្លត់ភ្លើង។ លោកបាននិយាយថាវាមិនទាន់ច្បាស់ទេ ថាតើមានមនុស្សបាត់ខ្លួនឬអត់ទេ ហើយ ផ្សែងនៅតែមាន នៅផ្នែកខ្លះនៃអគារ ។
អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល ៧៖៤៥នាទី ព្រឹក ហើយបានរាលដាលយ៉ាងលឿនពាសពេញកន្លែងផ្ទុកទំនិញរបស់បន្ទប់ក្រោមដី ដោយបានជំរុញឱ្យមានការជម្លៀសមនុស្សជាង ១១០ នាក់ រួមទាំងបុគ្គលិកផ្សារទំនើប និងអតិថិជននៅឯសណ្ឋាគារក្បែរនោះ។
ក្រុមមន្ត្រីបាននិយាយថា ការខូចខាតអាចនឹងកាន់តែធ្ងន់ធ្ងរ ប្រសិនបើអគ្គិភ័យបានឆាបឆេះ ក្នុងអំឡុងពេលម៉ោងធ្វើការរបស់ផ្សារទំនើប៕




ប្រភព Thestar ប្រែសម្រួលដោយគីរីដងរែក




