ជាមួយនឹងចក្ខុវិស័យជាសាកល លោកប្រធានាធិបតី Xi Jinping បានដឹកនាំយុទ្ធសាស្ត្ររបស់ប្រទេសនេះ ក្នុងការចូលរួមយ៉ាងសកម្មនៃកំណែទម្រង់អភិបាលកិច្ចសកល ដើម្បីធ្វើឱ្យប្រព័ន្ធមានភាពយុត្តិធម៌ និងសមធម៌ជាងមុន ស្របពេលមានការវិវឌ្ឍន៍យ៉ាងលឿនក្នុងបរិបទអន្តរជាតិ។
ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ លោក Xi ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានស្នើគំនិតផ្តួចផ្តើមមួយចំនួនស្តីពីអភិបាលកិច្ចសកល ដែលជាផ្នែកមួយនៃដំណោះស្រាយរបស់ចិនចំពោះបញ្ហាដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ។
លោក Xi បាននិយាយក្នុងអំឡុងពេលសុន្ទរកវេទិកាធុរកិច្ច BRICS នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងកាលពី៤ ឆ្នាំមុន ថា ទស្សវត្សរ៍ក្រោយនឹងឃើញការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៃប្រព័ន្ធអភិបាលកិច្ចពិភពលោក។
លោក Xi បាននិយាយថា “សហគមន៍អន្តរជាតិបានឈានដល់ផ្លូវបំបែកថ្មីមួយ ហើយយើងកំពុងប្រឈមនឹងជម្រើសរវាងកិច្ចសហប្រតិបត្តិការ និងការប្រឈមមុខគ្នា រវាងការបើកចំហរ និងគោលនយោបាយបិទទ្វារ និងរវាងផលប្រយោជន៍ទៅវិញទៅមក និងវិធីសាស្រ្តការពារសេដ្ឋកិច្ចក្នុងស្រុក”។
លោក Xi បានបន្តថា ដូច្នេះការវិវត្តន៍នៃប្រព័ន្ធអភិបាលកិច្ចពិភពលោកនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការអភិវឌ្ឍន៍នៃប្រទេសទាំងអស់ ជាពិសេសទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ហើយជាការពិតទៅលើភាពរុងរឿង និងស្ថិរភាពនៃពិភពលោកទាំងមូល។
លោក Guo Shuyong នាយកសាលាទំនាក់ទំនងអន្តរជាតិ និងកិច្ចការសាធារណៈនៃសាកលវិទ្យាល័យសិក្សាអន្តរជាតិសៀងហៃ បាននិយាយថា កំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកលគឺស្ថិតនៅក្នុងចំណុចប្រសព្វជាប្រវត្តិសាស្ត្រ ខណៈដែលពិភពលោកប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងខ្លាំងដែលមើលមិនឃើញក្នុងរយ:ពេលមួយសតវត្ស ហើយកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃថ្មីនៃការផ្លាស់ប្តូរ។
លោក Guo បានបន្ថែមថា ដឹកនាំដោយលោក Xi ប្រទេសចិនបានចូលរួមយ៉ាងសកម្មក្នុងកំណែទម្រង់អភិបាលកិច្ចពិភពលោកដោយសង្កត់ធ្ងន់លើការលើកកម្ពស់ប្រព័ន្ធអន្តរជាតិជាមួយអង្គការសហប្រជាជាតិ បង្ហាញពីទំនួលខុសត្រូវរបស់ចិនក្នុងឋានៈជាប្រទេសសំខាន់ និងរួមចំណែកដល់ការកែទម្រង់ និងការអភិវឌ្ឍន៍របស់ប្រទេសជាតិក៏ដូចជាសន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក។
នៅពេលថ្លែងសុន្ទរកថាតាមរយៈវីដេអូក្នុងពិធីបើកវេទិកា Boao សម្រាប់សន្និសីទប្រចាំឆ្នាំ២០២១ លោក Xi បាននិយាយថា អភិបាលកិច្ចសកលគួរតែឆ្លុះបញ្ចាំងពីទិដ្ឋភាពនយោបាយ និងសេដ្ឋកិច្ចដែលកំពុងវិវត្តរបស់ពិភពលោក ស្របតាមនិន្នាការប្រវត្តិសាស្ត្រនៃសន្តិភាព ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងបំពេញតម្រូវការជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមជាសកល។
លោក Xi បាននិយាយថា ប្រទេសទាំងអស់គួរតែអនុវត្តតាមគោលការណ៍ពិគ្រោះយោបល់អោយបានទូលំទូលាយ រួមគ្នាដើម្បីផលប្រយោជន៍រួម លើកកម្ពស់ពហុភាគីនិយមពិតប្រាកដ និងធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចពិភពលោកមានភាពយុត្តិធម៌ និងសមធម៌ជាងមុន។
អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Yves Leterme បាននិយាយថា លោក Xi បានគូសបញ្ជាក់អំពីភាពបន្ទាន់ និងសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការទប់ទល់នឹងវិបត្តិ និងបញ្ហាប្រឈមនានាក្នុងពិភពលោក។
លោក Leterme បានសរសេរនៅក្នុងអត្ថបទមួយចេញផ្សាយដោយកាសែត People’s Daily ថា ប្រទេសចិនកំពុងដើរតួនាទីសំខាន់ និងមិនអាចខ្វះបានក្នុងការជំរុញកិច្ចសហប្រតិបត្តិការពិភពលោក ជាពិសេសក្នុងបរិបទនៃការកើនឡើងនៃលទ្ធិគាំពារនិយម និងឯកតោភាគីនិយម។
លោកបានសង្កត់ធ្ងន់លើតម្រូវការក្នុងការកែសម្រួលក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយលោកបានបន្ថែមថា បណ្តាប្រទេសជុំវិញពិភពលោកគួរតែធ្វើការរួមគ្នាដើម្បីប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌ ស្មើភាព ប្រកបដោយបរិយាប័ន្ន និងមានប្រសិទ្ធភាពជាងមុន។
លោកបានបន្តថា សហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ដែលលោកប្រធានាធិបតី Xi បាននិងកំពុងខ្នះខ្នែងនឹងជួយជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចសកលថ្មី។
អត្ថប្រយោជន៍ដែលទទួលបាន
ចាប់តាំងពីលោក Xi បានស្នើអោយមានគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក្នុងឆ្នាំ ២០១៣ ដែលជាផលប្រយោជន៍សាធារណៈអន្តរជាតិ ដើម្បីជំរុញការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ វេទិកាសម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ សម្រាប់ប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះបានទទួលនូវអត្ថប្រយោជន៍យ៉ាងច្រើន។ ទាំងនេះរួមមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគ ការសម្របសម្រួលគោលនយោបាយ ការគាំទ្រផ្នែកហិរញ្ញប្បទាន និងចំណងមិត្តភាពរវាងប្រជាជន និងប្រជាជនអោយកាន់តែរឹងមាំ។
នៅចុងខែមីនា ប្រទេសចំនួន ១៤៩ និងអង្គការអន្តរជាតិចំនួន ៣២ បានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាមួយប្រទេសចិន ស្តីពីការរួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ។ គិតត្រឹមខែមិថុនា ទំហំពាណិជ្ជកម្មទំនិញរវាងប្រទេសចិន និងប្រទេសដែលពាក់ព័ន្ធនៅក្នុងក្របខណ្ឌ BRI មានទំហំទឹកប្រាក់ប្រហែល ១២ទ្រីលានដុល្លារ នេះបើយោងតាមគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ។
ខណៈដែលដំណើរការអភិវឌ្ឍន៍សកលលោកបានជួបឧបសគ្គធំៗ លោក Xi បានស្នើគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលលោកកាលពីឆ្នាំមុន ដោយអំពាវនាវឱ្យបង្កើតភាពជាដៃគូអភិវឌ្ឍន៍សកលដែលមានភាពរួបរួម ស្មើភាព មានតុល្យភាព និងបរិយាប័ន្ហន។ គំនិតផ្តួចផ្តើមនេះបានទទួលការគាំទ្រពីប្រទេសជាច្រើន។
បន្ទាប់ពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើង លោក Xi បានដាក់ចេញនូវគំនិតផ្តួចផ្តើមសន្តិសុខសកលនៅក្នុងខែមេសា ដោយអំពាវនាវឱ្យប្រទេសទាំងអស់រក្សាការប្តេជ្ញាចិត្តចំពោះចក្ខុវិស័យនៃសន្តិសុខរួម សហប្រតិបត្តិការ និងនិរន្តរភាព។ លោក បាន ជំរុញ សហគមន៍ អន្តរជាតិ ឱ្យ ច្រានចោលគំនិតសម្រាប់តែផលប្រយោជន៍ខ្លួន ហើយ រួមគ្នា ប្រឆាំង នឹង អនុត្តរភាព និង នយោបាយ អំណាច ហើយ បាន អំពាវនាវ ឱ្យ កសាង ទំនាក់ទំនង អន្តរជាតិ ប្រភេទ ថ្មី ដោយ ផ្អែកលើ ការគោរព ទៅវិញទៅមក យុត្តិធម៌ សមធម៌ និង កិច្ចសហប្រតិបត្តិការ ឈ្នះ ឈ្នះ ។
នៅកម្ពុជា លោក Joseph Matthews សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅទីក្រុងភ្នំពេញ បាននិយាយថា គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកលមានសារៈសំខាន់ណាស់ក្នុងការកសាងប្រព័ន្ធអភិបាលកិច្ចសកលប្រកបដោយសមធម៌បន្ថែមទៀតឆ្ពោះទៅកាន់សហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
លោក Matthews បានប្រាប់ទីភ្នាក់ងារ Xinhua News ថា “គំនិតផ្តួចផ្តើមទាំងពីរនេះក៏ជាគន្លឹះក្នុងការពង្រឹងពហុភាគីនិយម កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសាមគ្គីភាព ដើម្បីដោះស្រាយបញ្ហាប្រឈម និងកង្វល់ជាសកល។
លោកបាននិយាយថា ប្រទេសចិនតែងតែដើរតួនាទីឈានមុខគេក្នុងការការពារសន្តិភាព និងសន្តិសុខពិភពលោក ហើយគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនឹងជំរុញសន្តិសុខប្រភេទថ្មី ដើម្បីជំនួសការប្រឈមមុខដាក់គ្នា ការប្រកាន់បក្សពួក និងការគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយជ្រើសរើសភាពជាដៃគូ និងលទ្ធផលឈ្នះ-ឈ្នះ។

ដោយគីរីដងរែក




