អនុស្សាវរីយ៍ជាង ៤៣ឆ្នាំត្រូវលុបចោលដូចប៊ូតុង Delete ដោយក្រុមហ៊ុន Toyota បានសម្រេចចិត្តបញ្ឈប់ការលក់ Toyota Camry នៅក្នុងប្រទេសជប៉ុន ។
យោងតាមការចេញផ្សាយពីប្រភព Nikkei Asia ដែលជាគេហទំព័រ ព័ត៌មានក្នុងតំបន់អាស៊ីដ៏ធំជាងគេមួយបានចុះ ផ្សាយថា Toyota Motor មានគម្រោង នឹងលែងបន្តការលក់ឡាន Toyota Camry ប្រភេទ sedan នៅក្នុងទីផ្សារប្រទេសជប៉ុនទៀតហើយ ខណ:ដែល តាមបណ្តាប្រទេសជាច្រើនលើពិភពលោក រួមទាំងកម្ពុជានៅតែចាត់ទុកCamry ជាឡានពេញនិយមបំផុត។
ដោយឡែកចំពោះបញ្ចប់ការលក់Camry នៅក្នុងទីផ្សារប្រទេសជប៉ុននេះ Toyota បានអះអាងថានឹងគ្មានការជះឥទ្ធិពលដល់ទីផ្សារ នាំចេញទៅក្រៅប្រទេសឡើយពោលគឺ Toyota នៅតែធ្វើការផលិតនិងធ្វើឲ្យប្រសើរឡើងនូវToyota Camry ស៊េរីថ្មីដើម្បីនាំចេញទៅកាន់ ប្រទេសផ្សេងៗទៀត រួមទាំងកម្ពុជាផងដែរ ។ មួយវិញទៀតសម្រាប់គម្រោងនេះ Toyota នឹងធ្វើការអនុវត្តន៍នៅអំឡុងពេលចុងឆ្នាំ ២០២៣ នេះ ។
បើនិយាយពីប្រវត្តិនៃការលក់របស់ Toyota Camry ចំនួន ៤៣ឆ្នាំក្នុងប្រទេសជប៉ុនឡាននេះ ត្រូវបានលក់អស់ចំនួន 1.3លានគ្រឿង មកហើយចាប់តាំងពីថ្ងៃផលិតឡានប្រភេទ Sedan នេះជាលើក ដំបូងនៅឆ្នាំ1980 ។ ហើយសម្រាប់តម្លៃ ដែលបានលក់នៅជប៉ុន ចម្លោះពី២៦,៤០០ដុល្លារទៅ៣៥,៣៥០ដុល្លារតែប៉ុណ្ណោះ ។
ម្យ៉ាងវិញទៀតបើយោងតាមទិន្នន័យ ពី Toyota និង Marklines Show បានបញ្ជាក់ថា ឡានToyota Camry បានដាក់លក់ជុំវិញ ពិភពលោកច្រើនជាង១០០ ប្រទេសទទួលបានការលក់អស់ជាង២១លានគ្រឿងគិតត្រឹមចុងឆ្នាំ២០២២ ។
គួរជំរាបផងដែរថា Toyota Camry ជាម៉ូដែលឡានប្រភេទ Sedan ដែលជួយធ្វើទីផ្សារនិងរកទ្រព្យឲ្យ Toyota ច្រើនមែនទែន ។ ហើយ បច្ចុប្បន្ននេះ Toyota Camry ត្រូវបានផលិតចេញមក ១០ជំនាន់ហើយគិតមកដល់ឆ្នាំ២០១៧ ព្រមទាំងមានរោងចក្រដែលចំនួន៣ កន្លែងដែលកំពុងដំណើរការផលិតឡាន នេះជាធម្មតារួមមាននៅអាមេរិកចិន និងនៅក្នុងរោងចក្រ Tsutsumi ក្នុងខេត្ត Aichi នៃ ប្រទេសជប៉ុន៕



ប្រភព Nikkei Asia ប្រែសម្រួលដោយគិរីដងរែក




