26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Meijer Realty Partners “MRP” ប្រទេសហូឡង់ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើការធ្វើធុរកិច្ចនៅកម្ពុជា

- Advertisement -spot_img

ថ្ងៃពុធ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអនុញ្ញាតឱ្យលោក BART MEIJER ប្រធានក្រុមហ៊ុន Meijer Realty Partners “MRP” និងសហការី ពីប្រទេសហូឡង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់លើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងក្ដីសោមនស្សរីករាយស្វាគមន៍ លោក BART MEIJER និងសហការី មកកាន់ទីស្ដីការក្រសួង ដើម្បីជួបពិភាក្សាការងារនាថ្ងៃនេះ និងបានជម្រាបជូនអំពីសភាពការណ៍ទូទៅរបស់កម្ពុជា បើទោះបីជាលក្ខណៈសកល ពិភពលោក បាននិងកំពុងប្រឈមការតានតឹងផ្នែកភូមិសាស្ត្រនយោបាយ, ស្ថានភាពសេដ្ឋកិច្ចសកលមិនមានភាពប្រកដប្រជា, សង្គ្រាមនៅអឺរ៉ុប និងមជ្ឈិមបូព៌ា ក៏កម្ពុជា នៅតែបន្តរក្សាបានប្រក្រតីភាព និងសភាពល្អប្រសើរលើគ្រប់ទិដ្ឋភាពរួមមាន៖ នយោបាយ សង្គម សេដ្ឋកិច្ច ពិសេសការងារការបរទេស ការទូត កាន់តែមានភាពមមាញឹកខ្លាំងឡើង ក្រោមការដឹកនាំគ្រប់គ្រងរបស់រាជរដ្ឋាភិបាលថ្មី ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា កម្ពុជា បន្តរក្សាបាននូវស្ថានភាពសុខសន្តិភាព ស្ថេរភាពនយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសវិនិយោគអំណោយផលល្អ តាមរយៈការធានាការពារស្របតាមច្បាប់ និងមានយន្តការលើកទឹកចិត្តដល់អ្នកវិនិយោគជាច្រើន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ពោលគឺការកាត់បន្ថយភាពក្រីក្រ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជន ឆ្ពោះទៅសម្រេចឱ្យបានជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០ ស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គឺផ្ដោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈ ដែលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

ជាការឆ្លើយតប លោក BART MEIJER បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតដល់រូបលោក និងសហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានជម្រាបជូនពីក្រុមហ៊ុនគ្រួសារឈ្មោះ Meijer Family Heritage ជាក្រុមហ៊ុនអចលនវត្ថុ បង្កើតឡើងតាំងពីអំឡុងឆ្នាំ១៩០០ រហូតក្លាយជាឈ្មោះ Meijer Realty Partners “MRP” ដែលបានរីកចម្រើនក្លាយជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំឈានមុខគេនៅប្រទេសហូឡង់នាឆ្នាំ២០១៣ ដោយមានទីតាំងសម្រាប់ជួលដល់ទៅជាង ១,៥ លានម៉ែត្រការ៉េ ទូទាំងប្រទេសហូឡង់ ព្រមទាំងពង្រីកអាជីវកម្មរបស់ខ្លួនពេញទ្វីបអឺរ៉ុប ជាពិសេសបានពង្រីកអាជីវកម្មរបស់ខ្លួនយ៉ាងជោគជ័យក្នុងប្រទេសក្រិកនាឆ្នាំ២០២១ ថ្មីៗនេះ។ ក្នុងនោះ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់បន្ថែមថា នៅប្រទេសកម្ពុជា ក្រុមហ៊ុន Meijer Realty Partners “MRP” និងដៃគូវិនិយោគម៉ាឡេស៊ី បានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាឈ្មោះថា «MEIJER APAS CHEOW CO., LTD» កាលពីខែមីនា ឆ្នាំ២០២៤ មានលោក Cheow PENG ជាប្រធានក្រុមប្រឹក្សាភិបាល ហើយក្រុមហ៊ុនមានសកម្មភាពអាជីវកម្មចម្បងគឺការវិនិយោគលើវិស័យអចលនវត្ថុ (ទិញ, លក់, ជួល)។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការមកជួបសម្ដែងការគួរសម និងជំនឿទុកចិត្តក្នុងការឱ្យអ្នកវិនិយោគបោះទុនវិនិយោគនៅប្រទេសកម្ពុជាដោយភាពកក់ក្តៅ ហើយប្រសិនមានបញ្ហាលំបាកណាមួយ សូមឱ្យក្រសួងអធិការកិច្ចបានដឹង ក្រសួងនឹងជួយសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរ លោកប្រធានក្រុមហ៊ុន ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទាំងអស់ មានសុខភាពល្អ និងជោគជ័យក្នុងការអាជីវកម្មដែលនឹងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ និងការទាក់ទាញវិនិយោគបរទេសមកប្រទេសកម្ពុជា ឱ្យមានសន្ទុះឡើងវិញ និងចូលរួមជម្រុញកំណើនសេដ្ឋកិច្ចបន្ថែមទៀត ជាពិសេសលើទំនុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ជូនដល់អ្នកវិនិយោគទាំងអស់នៅប្រទេសកម្ពុជា។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img