នៅសាលប្រជុំនៃទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមប្រធានអាជ្ញាធរទន្លេសាប ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង ឯកឧត្តម អនុប្រធាន និងអគ្គលេខាធិការអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងារចុះបញ្ជីដីនៅតំបន់ជុំវិញបឹងទន្លេសាប
សូមជម្រាបថា តំបន់ជុំវិញបឹងទន្លេសាបគ្របដណ្តប់ក្នុងខេត្តចំនួន៦ មានខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ត្រូវបានបែងចែកជាបីគឺ៖ តំបន់១ តំបន់២ និងតំបន់៣។ ក្នុងនោះតំបន់១ ជាតំបន់លំនៅដ្ឋាន និង ស្រែចំការរបស់ប្រជាពលរដ្ឋ ដែលទទួលបានកម្មសិទ្ធិស្របច្បាប់ និងអាចលិចទឹកបន្តិចបន្តួចនៅរដូវវស្សា។
តំបន់២ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ ជាតំបន់ប្រជាពលរដ្ឋធ្វើស្រែឡើងទឹក និងប្រដេញទឹក ហើយតំបន់នេះអាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៣ ទៅ ៤ ម៉ែត្រ។ ចំណែក តំបន់ ៣ ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត ដែលអាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៦ ទៅ ៧ ម៉ែត្រ៕
ដោយគិរីដងរែក