[ភ្នំពេញ] នៅព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) បានដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីបច្ចេកទេស គ.ជ.គ.ម. ចូលរួមកិច្ចប្រជុំពិសេស របស់គណៈកម្មការ គ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន ស្តីពីពង្រាងកម្មវិធីការងារអាត់ម៉ែរថ្មី ឆ្នាំ២០២៦-២០៣០ (AADMER Work Programme 2026-2030) តាមប្រព័ន្ធអនឡាញ។
កិច្ចប្រជុំនេះ ដឹកនាំដោយប្រធាន ACDM កម្ពុជា និង មានការចូលរួមពីតំណាងមន្ត្រីបង្គោល ACDM ពីប្រទេសអាស៊ានទាំងអស់, លេខាធិការដ្ឋានអាស៊ាន មជ្ឈមណ្ឌល-អាហា និងក្រុមទីប្រឹក្សាពីមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយអាស៊ី (ADRC)។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពី ៖
(១). វឌ្ឍនភាព នៃដំណើរការរៀបចំកម្មវិធីការងារអាត់ម៉ែរថ្មី (AWP 2026-2030)
(២). ការអនុម័តលើពង្រាងកម្មវិធីការងារអាត់ម៉ែរ ឆ្នាំ២០២៦-២០៣០។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ម៉ា នរិទ្ធ អគ្គលេខាធិការរង ក្នុងនាម ជាសហប្រធាននៃក្រុមការងារចំពោះកិច្ច រួមជាមួយប្រទេសប្រ៊ុយណេ តំណាងដោយ លោកស្រី រ៉ូហៃដា ប៊ី នទីហាជីរ៉ូសលី បានធ្វើបទបង្ហាញអំពីការអនុម័តលើសេចក្តីព្រាងកម្មវិធីការងារអាត់ប៊ែរ ២០២៦-២០៣០ នេះ ដោយមានខ្លឹមសារមួយសង្ខេប មួយចំនួនដូចខាងក្រោមៈ
ចក្ខុវិស័យនៃកម្មវិធី AWP 2026- 2030 គឺជាតំបន់នៃប្រជាជាតិដែលធន់ទៅនឹងគ្រោះមហន្តរាយ ដែលការបាត់បង់ ខូចខាតដល់អាយុជីវិត ទ្រព្យសម្បត្តិសង្គម និងបរិស្ថានដោយសារគ្រោះមហន្តរាយ ត្រូវបានកាត់បន្ថយ តាមរយៈការខិតខំប្រឹងប្រែងថ្នាក់ជាតិរួមគ្នា បង្កើនកិច្ចសហប្រតិបត្តិការ និង ភាពជាអ្នកដឹកនាំសកលក្នុងតំបន់ និងពិភពលោក កាន់តែប្រសើរឡើង ដើម្បីឆ្ពោះទៅរកសហគមន៍។







ដោយគិរីដងរែក