ត្បូងឃ្មុំ៖ ទេសរដ្ឋមន្ត្រីអនុប្រធាន និងជាអគ្គលេខាធិការសមាគមតីតយុទ្ធជនកម្ពុជាឯកឧត្តម គន់ គីម បានជំរុញដល់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនជាពិសេសនៅតាមបណ្តារាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន ដែលបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តមបានជំរុញបែបនេះ នៅក្នុងពិធីសំណេះសំណាល និងបំពាក់មេដាយការពារជាតិ ជូនដល់បងប្អូនអតីតយុទ្ធជនកម្ពុជា ចំនួន ៧៩៧ នាក់ មកពីស្រុកក្រូចឆ្មា ស្រុកមេមត់ នៅថ្ងៃទី ២៣ខែមិថុនា ឆ្នាំ ២០២៣។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់សមាគមអតីតយុទ្ធជនខេត្តរួចមក ឯកឧត្តម គន់ គីម បានកោតសរសើរនិងវាយតម្លៃខ្ពស់ ថ្នាក់ដឹកនាំសមាគមខេត្តត្បូងឃ្មុំ ដែលបានយកចិត្តទុកដាក់ដល់អតីតយុទ្ធជនយើង។ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា៖«អតីតយុទ្ធជនកម្ពុជា សុទ្ធតែជាអ្នកដែលបានធ្វើពលីកម្មដ៏ធំធេងសម្រាប់ជាតិ មាតុភូមិកម្ពុជា ក្នុងការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពិសេសទប់ស្កាត់មិនឱ្យរបបនេះវិលមកគ្របដណ្តប់លើមាតុភូមិកម្ពុជាជាថ្មីទៀត ទាំងនេះហើយទើបនាំមកនូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ»។
ក្នុងឱកាសនោះដែរឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនអតីតយុទ្ធជនទាំងអស់ ត្រូវចេះរួបរួមសាមគ្គីគ្នា ចេះគោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហាគ្រួសារតែមួយ និងសូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ទន្ទឹមនោះ ត្រូវជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ហើយត្រូវការពារឱ្យបានគង់វង្សនូវសន្តិភាព ដែលបានមកពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្រោមនយោបាយឈ្នះឈ្នះ។
បន្ថែមពីនេះឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យចងក្រងជាបណ្តាញ ដើម្បីស្វែងរកអតីតយុទ្ធជនដែលខ្វះខាត យុទ្ធជនជួបការលំបាក ឬបញ្ហានានា ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់៕



ដោយគិរីដងរែក