28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

ឯកអគ្គរដ្ឋទូតរុស្ស៊ី គូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏យូរអង្វែង ប្រកបដោយទំនុកចិត្តរបស់រុស្ស៊ី រហូតមក

- Advertisement -spot_img

ភ្នំពេញ៖ លោក Anatoly BOROVIK ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានលើកឡើង អំពីទំនាក់ទំនងដ៏ល្អ មិត្តភាពជាប្រពៃណី និងការគោរពគ្នាទៅវិញទៅមក រវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកម្ពុជា-រស្ស៊ី និងបានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏យូរអង្វែង ប្រកបដោយទំនុកចិត្តរបស់រុស្ស៊ីរហូតមក ដោយភ្ជាប់ជាមួយនឹងការថ្លែងអំណរគុណចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី, រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានសម្តែងនូវភាពកក់ក្តៅ ជូនប្រទេស និងប្រជាជនរុស្ស៊ី។

ការលើកឡើងនេះ លោកឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅក្នុងឱកាស ចូលជួបសំណេះសំណាលពិភាក្សាការងារ ជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ជំនួបនេះ ធ្វើឡើងសំដៅរឹតចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការយោធា ឲ្យមានសន្ទុះឈានឡើងថែមទៀត។ 

ក្នុងជំនួបនេះដែរ លោកឯកអគ្គរដ្ឋទូតរុស្ស៊ី បានបន្ថែមថា កន្លងមកប្រទេសទាំងពីរ ក៏បានបន្តថែរក្សាពូនជ្រំ ទំនាក់ទំនងឲ្យកាន់តែប្រសើរ តាមរយៈកិច្ចសន្ទនានយោបាយទៀងទាត់, ការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសេដ្ឋកិច្ច ការពារជាតិ និងសន្តិសុខ សំដៅធានាបាននូវសន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។

 លោកក៏បានគាំទ្រផងដែរ លើការខិតខំបន្តពង្រឹងរួមគ្នា នូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ និយាយជារួម និងនិយាយដោយឡែក រវាងកងទ័ពជើងគោក តាមរយៈការរកឲ្យឃើញនូវកាលានុវត្តភាពថ្មីៗ និងយន្តការសហប្រតិបត្តិការថ្មីៗ ប្រកបដោយប្រសិទ្ធភាព ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ ឲ្យកាន់តែសកម្ម និងរឹងមាំ។

 ជាការឆ្លើយតប លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានសង្កត់ធ្ងន់ផងដែរ អំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ។ ក្នុងនាមប្រជាជនកម្ពុជា និងយោធិននៃកងយោធពលខេមរភូមិន្ទ លោកក៏បានថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់រុស្ស៊ី ក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក ដោយក្នុងនោះ រុស្ស៊ីបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីការរំដោះចេញពីរបបខ្មែរក្រហម រួមទាំងការកសាង និងពង្រឹងកងទ័ពកម្ពុជាឡើងវិញ ដើម្បីទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបនេះ។       

ក្នុងដំណាក់កាលថ្មីនេះ លោកក៏បានគាំទ្រលើការជំរុញ និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួត និងរឹងមាំទាំងបច្ចុប្បន្ន និងតទៅអនាគត ដោយចាប់ផ្តើមពីអង្គភាពប្រតិបត្តិ ដូចជាកងទ័ពជើងគោក ជាពិសេសការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ដោយផ្តោតលើសមិទ្ធិផល កិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជាមូលដ្ឋាន និងជាផ្នែកមួយនៃការពង្រឹងទំនាក់ទំនងកងទ័ព និងប្រទេសជារួម៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img