27 C
Phnom Penh
Sunday, September 8, 2024
- Advertisement -spot_img

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ៦៦ឆ្នាំមកនេះកម្ពុជាចិនតែងតែគាំទ្រគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ

- Advertisement -spot_img

ភ្នំពេញ៖ឯកឧត្តម Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយគាំទ្រគ្នាគ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូមួយនៃទំនាក់ទំនងអន្តរជាតិ។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជានៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នេះនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ ឯកឧត្តម Wang Wenbinបានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងចិនបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។


ឯកឧត្តមបញ្ជាក់ថា៖«ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។»
ឯកឧត្តមសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ទំនាក់ទំនងការទូតនៃប្រទេសកម្ពុជាចិនមានការរីកចម្រើន និងទទួលបានផ្លែផ្កាជាបន្តបន្ទាប់។ ចិនជាដៃគូវិនិយោគអន្តរជាតិធំជាងគេនៅកម្ពុជា។ ចិនបានជួយកម្ពុជាលើវិស័យពាណិជ្ជកម្ម វប្បធម៌ ដឹកជញ្ជូន អប់រំជាដើម។
ឯកឧត្តមបញ្ជាក់ថា៖«ក្នុងនាមមិត្តដែកថែបកម្ពុជាបន្តប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមនានារបស់ចិនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងសកលលោក។»
ឯកឧត្តមសុខ ឥសានសមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលបានអញ្ជើញចូលរួមក្នុងពិធីនេះដែរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជាក្នុងរយៈពេល៦៦ឆ្នាំមកនេះ។


ឯកឧត្តមបញ្ជាក់ថា៖« ទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន៦៦ឆ្នាំមកនេះ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរដោយថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានឈានដល់ចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប រហូតក្លាយជាមិត្តមិត្តត្បូងពេជ្រថែមទៀត។ ទំនាក់ទំនងកម្ពុជាចិនមិនអាចមានអ្នកណាមកបំបែកបានឡើយ។ ក្រោមការជួយគាំទ្រពីមិត្តចិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនដោយរក្សាបានកំណើនខ្ពស់ក្នុងរយៈពេលចុងក្រោយនេះ ទោះបីជាយើងឆ្លងកាត់វិបត្តិកូវីដ១៩ និងវិបត្តិសកលលោកក៏ដោយ»។
ក្នុងឱកាសនោះដែរលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបង្ហាញការជឿជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អនេះ ថ្នាក់ដឹកនាំចិន ជាពិសេសឯកអគ្គរដ្ឋទូតចិនថ្មីនឹងជំរុញឱ្យភ្ញៀវទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន។
លោកស្រីបន្ថែមថា៖ «កម្ពុជាចិននឹងកាន់តែមានភាពស្និតស្នាលថែមទៀត ហើយខ្ញុំជឿជាក់ថា ភ្ញៀវទេសចរចិននិងមកកម្ពុជាច្រើនឡើងវិញដូចមុនជួបវិបត្តិកូវីដ១៩…សូមជូនពរឱ្យទំនាក់ទំនងប្រទេសយើងកាន់តែរឹងមាំ។»
គួររម្លឹកថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានរៀបចំ ពិធី ជប់លៀង ដើម្បីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និង ពិធីទទួលស្វាគមន៍ការមកដល់របស់ឯកអគ្គរដ្ឋទូត Wang Wenbin អគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសកម្ពុជា។


ពិធីនេះរៀបចំឡើងនៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ,សម្តេចពិជ័យសេនា ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ,ឯកឧត្តម Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំង មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបណ្តាក្រសួងស្ថាប័ននានា តំណាងសង្គមស៊ីវិល និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។


កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ជាមួយនឹងថ្នាក់ដឹកនាំរបស់ប្រទេសចិនជំនាន់នោះ។ ហើយបន្តពូនជ្រំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិនជំនាន់ក្រោយនេះ ដែលមានឯកឧត្តមស៊ីជីនភីង ជាប្រធានាធិបតីចិន ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img