28 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការចំនួន ៧ដង

- Advertisement -spot_img

(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានលើកឡើងថា ក្នុងរយៈពេល​ជិត​​មួយឆ្នាំនៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡង​ប្រជែង​ជ្រើសរើសមន្ត្រីរាជការ ចំនួន៧ ដង និងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ដោយ​អនុលោម​និយាមនីតិវិធីសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ។ ប្រសាសន៍ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួមុខងារសារធារណៈ និងជាប្រធានគណគណៈកម្មាការប្រឡងប្រជែង នៅក្នុងឱកាសផ្តល់កិច្ចសម្ភាសន៍​ដល់អ្នកសារព័ត៌មាន នៅមុនពេលប្រកាសលទ្ធផលប្រឡងជ្រើសរើសគ្រូបឋមសិក្សា កាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម គូសបញ្ជាក់បន្ថែមថា រាល់ការប្រឡងនីមួយៗ គណៈកម្មការរៀបចំការ​ប្រឡង​ប្រជែងអន្តរក្រសួង តែងតែបានយកចិត្តទុកលើគ្រប់ដំណាក់កាលនៃការប្រឡង រួមទាំង​ការ​តាមដានជាប្រចាំលើការចូលរួមមតិយោបល់របស់បេក្ខជន និងសាធារណៈមតិ ធ្វើ​យ៉ាង​ណាឱ្យប្រព័ន្ធនៃការជ្រើសរើសមន្ត្រីរាជការនេះ ដំណើរការទៅកាន់តែរលូន និងកាន់តែល្អប្រសើរ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ក៏បានថ្លែងនូវការសូមចូល​រួម​អបអរសាទរ ដល់បេក្ខជនប្រឡង ជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើស​គ្រូបង្រៀននៅបឋមសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា និងសូមលើកទឹកចិត្តដល់បេក្ខជនដែលមិនទទួលបានជោគជ័យនាពេលនេះ សូមបន្តចូលរួមនាពេលជាបន្តបន្ទាប់។ រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារ​សាធា​រណៈ បានផ្តល់ឱកាសសម្រាប់ការប្រឡងប្រជែងតាមរយៈការប្រើប្រាស់​សមត្ថភាព​របស់ខ្លួន ដោយស្មើភាពគ្នា និងឱកាសច្រើនដងសម្រាប់បេក្ខជនគ្រប់ៗរូប មកពីគ្រប់ទិសទី។

គួរបញ្ជាក់ផងដែរថា បេក្ខជនប្រឡង ជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើស​គ្រូបង្រៀននៅបឋមសិក្សា នេះមានចំនួន ១៣៤៧ នាក់ ក្នុងនោះស្រី ៨៧៦នាក់ ខណៈបេក្ខជនបម្រុង ១៤៨០នាក់ ស្រី ៩៤០នាក់ ។

សូមជម្រាបថា៖ក្នុងរយៈពេល១(មួយ)សប្តាហ៍ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត បន្ទាប់ពីការប្រកាសលទ្ធផលនេះ៖ បេក្ខជនដែល​បាន​ប្រឡងជាប់ជាស្ថាពរ ត្រូវផ្តល់ការបញ្ជាក់ពីការទទួលយកក្របខណ្ឌនៅទីកន្លែង​បម្រើការងារដែលបានជ្រើសរើសមក អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ តាមរយៈទូរស័ព្ទ តេឡេក្រាម ០១២៧៧៩៦៩៦, ០១៦៦១០៩៩៩, ០៩៧២០០២៦០០, ០៨៩៣៧៧១៩១។

បេក្ខជនដែលមានបំណងស្នើសុំការពិនិត្យសន្លឹកកិច្ចការរបស់ខ្លួន អាចដាក់សំណើ​ជាលាយល​ក្ខណ៍អក្សរមកអគ្គនាយកដ្ឋាន គ្រប់គ្រងមុខងារសាធារណៈ នៃក្រសួង​មុខងារសាធារណៈ ដែលមានទីតាំងស្ថិតនៅផ្លូវអង្គតាម៉ិញ ភូមិគោកចំបក់ សង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ។

ផុតរយៈពេលកំណត់ខាងលើ ក្រសួងមុខងារសាធារណៈនឹងចេញសេចក្តីសម្រេច​ទទួល​ស្គាល់​បេក្ខជនជាផ្លូវការ ដើម្បីបន្តនីតិវិធីនៃ ការរៀបចំការបណ្តុះបណ្តាលនៅវិទ្យាស្ថាន​គរុកោសល្យ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងផ្តល់ក្របខណ្ឌ ស្របតាមលិខិតបទដ្ឋានជាធរមាន។

បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីរាជការ ត្រូវគោរព អនុវត្ត និងបំពេញគ្រប់លក្ខខណ្ឌតម្រូវដោយច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិត​បទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានរបស់រាជរដ្ឋាភិបាល ព្រមទាំងមិនធ្លាប់​ជាប់ទណ្ឌកម្ម បណ្តេញចេញ ឬលុបឈ្មោះចេញពីក្របខណ្ឌមន្ត្រីរាជការ ទាំងផ្នែកស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ។ ករណីមិនបានគោរព មិនបានអនុវត្ត ឬមិនបានបំពេញ​តាមលក្ខខណ្ឌតាមតម្រូវការខាងលើ បេក្ខជននឹងត្រូវលុបឈ្មោះទោះបីបានជាប់ជាស្ថាពរ ជាប់បម្រុង កម្មសិក្សាការី ឬត្រូវបានតាំងស៊ប់ក្នុងក្របខណ្ឌមន្ត្រីរាជការហើយក៏ដោយ ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img