ឧត្តមសេនីយ៍អ៊ីរ៉ង់ បានទទួលស្គាល់ថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងភាពចលាចលជុំវិញការតវ៉ាទូទាំងប្រទេស ដោយនេះជាការទទួលស្គាល់ ផ្លូវការលើកដំបូងអំពីការស្លាប់និងរបួស ក្នុងរយៈពេលពីរខែ។
ទោះបីជាយ៉ាងណាក៏ដោយ ការប៉ាន់ប្រមាណនេះ គឺទាបជាងចំនួនអ្នកស្លាប់ ដែលត្រូវបានរាយការណ៍ដោយសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសអ៊ីរ៉ង់។
ក្រុមសកម្មជននិយាយថា បាតុករ៤៥១នាក់ និងកងកម្លាំងសន្តិសុខ៦០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃភាពចលាចលក្នុងខែកញ្ញា ហើយមនុស្សជាង ១៨០០០នាក់ ត្រូវបានឃុំខ្លួន។
ការតវ៉ាទូទាំងប្រទេស ត្រូវបានបង្កឡើងដោយការស្លាប់របស់ស្ត្រីឈ្មោះ Mahsa Amini អាយុ ២២ ឆ្នាំក្នុងមន្ទីរឃុំឃាំងរបស់ប៉ូលិសសីលធម៌ ប៉ុន្តែបាតុកម្មបានរាលដាលយ៉ាងឆាប់រហ័ស ទៅជាការអំពាវនាវឲ្យផ្ដួលរំលំរបបលទ្ធិឥស្លាម ដែលបានគ្រប់គ្រងប្រទេសអ៊ីរ៉ង់ចាប់តាំងពីបដិវត្តន៍ឆ្នាំ១៩៧៩មក។
ដកស្រង់សម្តីដោយគេហទំព័រមួយ លោកឧត្តមសេនីយ៍ Amir Ali Hajizadeh មេបញ្ជាការផ្នែកអាកាសយានិកនៃកងឆ្មាំបដិវត្តន៍ប៉ារ៉ា បាននិយាយថា មនុស្សជាង ៣០០នាក់ ត្រូវបានសម្លាប់រួមទាំងកងកម្លាំងសន្តិសុខផងដែរ។
លោកឧត្តមសេនីយ៍ Amir Ali Hajizadeh
លោក ក៏ បាន លើកឡើងផង ដែរ ថា អ្នក ស្លាប់ ជាច្រើន នាក់ គឺ ជា ជនជាតិ អ៊ីរ៉ង់ ធម្មតា ដែល មិន ពាក់ព័ន្ធ នឹង ការ តវ៉ា។
ទោះបីជាយ៉ាងណាក៏ដោយ លោក មិន បាន ផ្តល់ តួលេខ ជាក់លាក់នោះទេ៕




ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក




