យោងតាមការសន្មតចុងក្រោយនៃការស៊ើបអង្កេតដឹកនាំដោយរដ្ឋាភិបាលឥណ្ឌូណេស៊ិបានឲ្យដឹងថា ឧស្មន័បង្ហូរទឹកភ្នែកដែលបាញ់ដោយប៉ូលិសឥណ្ឌូណេស៊ី គឺជាដើមចមបណ្ដាលឲ្យមានការរត់ជាន់គ្នាស្លាប់មនុស្សចំនួន ១៣២ នាក់ក្នុងនោះមានកុមារ ៣២ នាក់ក្នុងការប្រកួតបាល់ទាត់នៅឥណ្ឌូណេស៊ី ។
រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការនយោបាយ ច្បាប់ និងសន្តិសុខលោក Mahfud បាននិយាយកាលពីថ្ងៃសុក្រថា វីដេអូពីកាមេរ៉ានៅជុំវិញកីឡដ្ឋាន East Java បានបញ្ជាក់យ៉ាងច្បាស់ពីជនរងគ្រោះភាគច្រើនបានរងរបួស ឬស្លាប់នៅក្នុងការរត់ជាន់គ្នា បន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នចូលទៅក្នុងហ្វូងមនុស្ស ។
ទន្ទឹមនោះមេប៉ូលិសលោក Listyo Sigit Prabowo ក៏បានសន្យានៅក្នុងសុន្ទរកថាដាច់ដោយឡែកមួយកាលពីថ្ងៃសុក្រថា ប៉ូលិសនឹងចាត់វិធានការគ្រប់យ៉ាងទាំងអស់ដើម្បីទទួលបានការជឿទុកចិត្តពីសាធារណៈជនឡើងវិញ ។
កន្លងមកសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានហាមឃាត់ការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងកីឡដ្ឋាន ប៉ុន្តែប៉ូលិសបាននិយាយថា ពួកគេត្រូវតែប្រើវាដើម្បីសុវត្ថិភាពរបស់មន្ត្រី និងទស្សនិកជនរបស់ពួកគេ ហើយសោកនាដកម្មនេះបានធ្វើឲ្យមានប្រតិកម្មជាសាធារណៈ និងអំពាវនាវឲ្យមានកំណែទម្រង់កងកម្លាំងប៉ូលិស ដែលត្រូវបានរិះគន់ជាយូរមកហើយចំពោះភាពឃោរឃៅ និងអំពើពុករលួយ ។
គួររំឭកថាការរត់ជាន់គ្នាដែលបណ្ដាលឲ្យមនុស្សស្លាប់រាប់រយនាក់នេះ បានកើតឡើងបន្ទាប់ពីការប្រកួតរវាង ក្រុមម្ចាស់ផ្ទះ Arema FC បានចាញ់ក្រុមភ្ញៀវ Persebaya Surabaya ក្នុងលទ្ធផល ២-៣ កាល ពីថ្ងៃទី ១០ ខែ តុលា ក្នុងទីក្រុង Malang នៃខេត្ត East Java ៕



ប្រភព The Times of India ប្រែសម្រួលដោយគីរីដងរែក




