23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រៀបធៀបលោក សម រង្ស៊ី ដូចសេះងាប់គ្មានអ្នកយកចិត្តទុកដាក់

- Advertisement -spot_img

ភ្នំពេញ៖ ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានលើកឡើងដោយប្រៀបធៀបលោក សម រង្ស៊ី ដូចសេះមួយក្បាលដែលងាប់មិនអាចប្រើប្រាស់បាន ហើយក៏គ្មានអ្នកយកចិត្តទុកដាក់ទៀតផង។ លោកលើកឡើងបែបនេះដោយឆ្លើយទៅនឹងសំណួររបស់ EAC News ដែលសួរទាក់ទងនឹងការប្រកាសចង់វិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី។

ថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានលើកឡើងថា៖ «យើងមិនវ៉ៃសេះងាប់ទេ! អ្វីដែលយើងឃើញជាក់ស្ដែង យើងឃើញទាំងថ្នាក់ជាតិនិងអន្តរជាតិ គេមិនយកចិត្តទុកដាក់នឹងគាត់ទេ!»។

កាលពីថ្ងៃទី១៩ ខែសីហា ព្រះរាជអាជ្ញា សេង ហៀង បានចេញដីកាកោះហៅ លោក សម រង្ស៊ី និងអតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ៧រូបផ្សេងទៀតឱ្យចូលបន្ទប់សវនាការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទីជាកំហិតដើម្បីឆ្លើយដោះសារពីការចោទប្រកាន់បទល្មើសរួមគំនិតក្បត់ដែលបានប្រព្រឹត្តបទល្មើសរួមគំនិតក្បត់កាលពីឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់ទៀត តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រុមព្រហ្មទណ្ឌ។

ទណ្ឌិតដែលជាប់ទោសរាប់មិនអស់នៅកម្ពុជា សម រង្ស៊ី កាលពីថ្ងៃទី២៣ ខែសីហា បានសរសេរនៅលើហ្វេសបុកផេករបស់លោកថាលោកនឹងមករាជធានីភ្នំពេញវិញតាមដីការកោះរបស់តុលាការ តែលោកស្នើដល់នាយករដ្ឋមន្ត្រីកម្ពុជាលើកបម្រាម៣ចំពោះគាត់ ដោយអនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ដឹកលោកចូលប្រទេសបាន បើកព្រំដែនថៃឱ្យលោកចូលស្រុក និងអនុញ្ញាតដល់ពលរដ្ឋខ្មែរដែលគាំទ្រលោក ចេញទៅគាំទ្រលោកផង។

ចំណុចនេះត្រូវបានលោក ផៃ ស៊ីផាន ចាត់ទុកថាជានយោបាយព័ត៌មាន និងមានចេតនាចង់ឱ្យនាយករដ្ឋមន្ត្រីឆ្លើយតបដើម្បីកេរ្តិ៍ឈ្មោះរបស់ សម រង្ស៊ី ឡើងមកវិញប៉ណ្ណោះ។

លោកថា៖ «គេចង់ឱ្យសម្ដេច (នាយករដ្ឋមន្ត្រី) ឆ្លើយតប។ ដូច្នេះវាគ្មានផលប្រយោជន៍អីទេ ព្រោះសេះវាងាប់ហើយយើងមិនដែលវ៉ៃសេះងាប់ហ្នឹងឱ្យគេចាប់អារម្មណ៍ទេ»។

លោក សម រង្ស៊ី បានគម្រោងត្រលប់មកកម្ពុជាវិញម្ដងរួចមកហើយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តែត្រូវបានរារាំងដោយរដ្ឋាភិបាលក្រោយបានដឹងពីផែនការផ្ដួលរំលំតាមរយៈផែនការវិលត្រលប់នេះ រួមមានសកម្មភាញញុះញង់ឱ្យកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការបះបោរប្រឆាំងរដ្ឋាភិបាល ញុះញង់ឱ្យពលរដ្ឋងើបបះបោរប្រឆាំងរដ្ឋ និងការរៃអង្គាសថវិកាចិញ្ចឹមកម្លាំងខុសច្បាប់ដើម្បីគាំទ្រសកម្មភាពនេះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានសរសេរលើទំព័រហ្វេសបុករបស់លោកកាលពីឆ្នាំ២០២១ថា៖ «អំពើនិងសកម្មភាពខាងលើទាំងនេះ មានភ័ស្តុតាងច្បាស់លាស់ និងរឹងមាំ ហើយភ័ស្តុតាងទាំងនេះមួយចំនួន អាចរកបានដោយងាយស្រួល ព្រោះទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានប្រើប្រាស់ហ្វេសប៊ុកនិងបណ្តាញសង្គមដទៃទៀតធ្វើជាមធ្យោបាយដើម្បីបង្ហោះសារញុះញង់ និងបម្រើឱ្យផែនការសកម្មភាពទុច្ចរិតរបស់ខ្លួនខាងលើ»។

ផែនការនេះហើយដែលធ្វើឱ្យមនុស្សជិត៦០នាក់ជាប់គុក និងមានឈ្មោះជាប់គុកដែលតុលាការរាជធានីភ្នំពេញបានប្រកាសសាលក្រមកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕


ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img