28.3 C
Phnom Penh
Wednesday, October 15, 2025
- Advertisement -spot_img

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មហោស្រពភាពយន្តខ្នាតខ្លីចតុមុខបានរួមចំណែកអភិវឌ្ឍវិស័យសិល្បៈភាពយន្ត និងលើកកម្ពស់សេរីភាពបញ្ចេញមតិនៅកម្ពុជា

- Advertisement -spot_img

ភ្នំពេញ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានចាត់ទុកមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានរួមចំណែកអភិវឌ្ឍវិស័យភាពយន្ត ព្រមទាំងចូលរួមលើកកម្ពស់សិទ្ធិសេរីភាពបញ្ចេញមតិ និងការផ្សព្វផ្សាយនៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីមហោស្រពភាពយន្តខ្នាតខ្លីចតុមុខ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅរោងភាពយន្ត Fable ឯកឧត្តម ទេព អស្នារិទ្ធ តំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា មហោស្រពភាពយន្តខ្នាតខ្លីអនុញ្ញាត និងបង្កឱកាសដល់ដៃគូ ភាគីពាក់ព័ន្ធ ពិសេសអ្នកមានចំណូលចិត្តស្រលាញ់ផ្នែកផលិតកម្មភាពយន្តមកជួបគ្នា ហើយប្រើប្រាស់ទម្រង់សិល្បៈភាពយន្តខ្នាតខ្លីនេះជាមធ្យោបាយសម្រាប់ការបញ្ចេញមតិយ៉ាងទូលំទូលាយ ដើម្បីឆ្លុះបញ្ចាំងទិដ្ឋភាពនានាក្នុងសង្គម តាមរយៈការលើកយកប្រធានបទតថភាពពិតក្នុងសង្គម ហើយផលិតជាខ្សែសាច់រឿងខ្លីៗ សម្រាប់ការប្រកួតប្រជែង និងការចូលរួមបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ បានផ្តល់ឱកាសដល់យុវជនក្នុងការបញ្ចេញគំនិត ទស្សនៈ ទេពកោសល្យ និងការប្រើប្រាស់បច្ចេកទេសចម្រុះ រួមចំណែកលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការផ្សព្វផ្សាយ ស្របតាមសេចក្តីត្រូវការក្នុងយុគសម័យឌីជីថល និងការវិវត្តសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានថ្លែងកោតសរសើរដល់ការរៀបចំឱ្យមានមហោស្រពនេះឡើង ជាមួយនឹងសមិទ្ធផលជាច្រើនអស់រយៈពេល១៣ឆ្នាំកន្លងទៅ ដែលបានប្រមូលស្នាដៃប្រមាណជិត១ពាន់ចំណងជើង ក្នុងនោះមានមកពីកម្ពុជាផ្ទាល់ និងប្រទេសនានាលើពិភពលោក ហើយការវិវត្តចូលឆ្នាំទី១៤របស់មហោស្រពមួយនេះ បាន និងកំពុងទាក់ទាញការចូលរួមពីសំណាក់ផលិតករកម្ពុជា ពិសេសក្នុងចំណោមយុវវ័យ និងមកពីបណ្តាប្រទេសជាង២០លើពិភពលោក។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៖ «ទាំងនេះជាគុណតម្លៃរបស់មហោស្រពភាពយន្តខ្នាតខ្លីចតុមុខគឺ មិនត្រឹមផ្តល់សារៈប្រយោជន៍រួមចំណែកក្នុងសង្គមនិងវិស័យសិល្បៈភាពយន្តប៉ុណ្ណោះទេ តែមហោស្រពក៏បានចូលរួមពង្រឹងទំនាក់ទំនងរវាងកម្ពុជា ជាមួយបណ្តាប្រទេសនៅលើពិភពលោកថែមទៀត ពិសេសតាមរយៈការផ្លាស់ប្តូរបទពិសោធន៍ គំនិត និងសិល្បៈនៃការច្នៃប្រឌិតដ៏សម្បូណ៍បែប»។ ជាមួយនឹងសមិទ្ធផលទាំងនេះ ឯកឧត្តមបានប្រៀបប្រដូចមហោស្រពនេះថាជាច្រកទ្វារមួយដ៏សំខាន់ធ្វើឱ្យពិភពលោកស្គាល់អត្តសញ្ញាណជាតិ និងស្គាល់កម្ពុជាដែលពោរពេញដោយសក្តានុពលកាន់តែច្បាស់៖ ពោលគឺតាមរយៈភាពយន្តនេះសហគមន៍ជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្បាស់នូវឧត្តមភាព អត្តសញ្ញាណជាតិ វប្បធម៌ សីលធម៌ ប្រជាជន ព្រមទាំងសក្តានុពលរបស់យុវជនកម្ពុជា យុវផលិតករដែលពោរពេញដោយសមត្ថភាពនិងថាមពល។ ឯកឧត្តមបានស្នើដល់កម្មវិធីមហោស្រពសម្រាប់ឆ្នាំខាងមុខទៀត ក្រៅពីផ្តោតលើរឿងបែបមនោសញ្ចេតនា រន្ធត់ កម្សាន្ត ភាពជូរចត់ គួរដាក់បញ្ចូលអក្ខរកម្មឌីជីថលតួយ៉ាងការបញ្ជ្រាបការអប់រំអំពីគ្រោះថ្នាក់នៃការប្រើប្រាស់បណ្តាញសង្គម ដោយសារការសាយភាយព័ត៌មានក្លែងក្លាយ ការបង្ហាញក្នុងសាច់រឿងអំពីរបៀបនៃការផ្ទៀងផ្ទាត់ព័ត៌មានមុនជឿលើព័ត៌មានណាមួយពីបណ្តាញសង្គម ដើម្បីចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយក្នុងសង្គមឌីជីថល និងលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមដោយការទទួលខុសត្រូវជាពលរដ្ឋឌីជីថលល្អ។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់ផលិតករទាំងអស់ ឱ្យផ្តោតផងដែរលើការផលិតរឿងលើប្រធានបទបំណិនជីវិត ដោយរំលេចរបៀបនៃការសម្រេចចិត្តត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវ សម្រាប់ជីវិត ការជ្រើសរើសអាជីព និងការការគ្រប់គ្រងហិរញ្ញ ភាពជាអ្នកដឹកនាំវត្ថុជាដើម។

លោក ហួយ សុជាតិ អនុប្រធាននាយកដ្ឋាន សិល្ប:ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគាំទ្រ ចំពោះមហោស្រពភាពយន្តខ្នាតខ្លីចតុមុខនេះ ព្រោះបានចូលរួមលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា ជាពិសេសបើកឱកាសយុវជនបានបញ្ចេញស្នាដៃផលិតភាពយន្តកាន់តែច្រើន។ លោកស៊ុ ស៊ីថែន ប្រធានគម្រោងមហោស្រពភាពយន្តខ្លីចតុមុខ មានប្រសាសន៍ថា មហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ មហោស្រពភាពយន្តខ្លីចតុមុខ ជាកម្មវិធីប្រកួតប្រជែងភាពយន្តខ្នាតខ្លី ដើម្បីរួមចំណែកធ្វើឱ្យគុណភាពនៃភាពយន្តនៅកម្ពុជា ប្រសើរឡើង។ មហោស្រពនេះបានអនុញ្ញាតឱ្យផលិតករខ្មែរអភិវឌ្ឍខ្លួនទាំងផ្នែកគំនិត និងបច្ចេកទេសជំនាញក្នុងការផលិត ប្រកបដោយភាពច្នៃប្រឌិតទាន់សម័យកាល ហើយពីមួយឆ្នាំទៅមួយឆ្នាំស្នាដៃរបស់ផលិតករខ្មែរមានការវិវត្តឈានឡើងគួរឱ្យកត់សម្គាល់ ព្រមទាំងបានការទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិ។ លោកបានមានប្រសាសន៍មហោស្រពលើកទី១៤នេះនឹងចូលរួមចំណែកដ៏សំខាន់ធ្វើឱ្យអន្តរជាតិបានស្គាល់ច្បាស់បន្ថែមទៀតពីសមត្ថភាព និងភាពធន់កម្ពុជា ព្រមទាំងសក្តានុពលនៃវិស័យភាពយន្តកម្ពុជាដែលមានភាពរីកចម្រើនឥតឈប់ឈរ។

សូមបញ្ជាក់ថា មហោស្រពចតុមុខលើកទី១៤នេះ នឹងចាក់បញ្ចាំងភាពយន្តខ្នាតខ្លីចំនួន ៧៧រឿង មកពី២២ប្រទេស នៅតាមទីតាំងរោងភាពយន្តដៃគូ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែតុលា។ សូមអង្គភាពសារព័ត៌មានទាំងប្រពៃណីនិងទំនើបចូលរួមផ្សព្វផ្សាយអំពីព្រឹត្តិការណ៍នេះឱ្យបានទូលំទូលាយដើម្បីផ្សព្វផ្សាយប្រជាពលរដ្ឋក្នុងប្រទេស និងលើពិភពលោកបានដឹង និងអាចចូលរួមផងដែរ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img