នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rangsit លោកបណ្ឌិត Seree Supharathit បានធ្វើផែនទីដែលលាតត្រដាងឲ្យឃើញ ទីក្រុងបាងកក និងតំបន់របស់ខ្លួន នឹងលិចលង់ ហើយបាត់ខ្លួននៅត្រឹមឆ្នាំ ២១០០។ លោកថា ប្រសិនបើរដ្ឋាភិបាល មិនបានធ្វើអ្វីដើម្បីទប់ស្កាត់រឿងនេះទេនោះ រាជធានីចាំបាច់ត្រូវតែផ្លាស់ទី។
លោកបណ្ឌិត Seree Supharathit
លោកបណ្ឌិត Seree បានកត់សម្គាល់ថា ប្រទេសថៃ នឹងមានភ្លៀងធ្លាក់កាន់តែច្រើន ចាប់ពីខែកញ្ញាដល់ខែវិច្ឆិកា ហើយនាយកដ្ឋានឧតុនិយមបានព្យាករណ៍ថា ព្យុះត្រូពិកពី ២ ទៅ៣ អាចវាយប្រហារប្រទេសនេះ។ ថៃអាចនឹងជួបភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់ប្រទះក្នុងរយៈពេល ១០០ ឆ្នាំ។
នៅឆ្នាំនេះ ទឹកជំនន់នឹងកើតឡើងដោយសារខ្យល់ព្យុះ ដែលអាចរំកិលទៅតំបន់កណ្តាល ហើយជន់លិចដីស្រែចម្ការ និងហូរហៀរដល់តំបន់សេដ្ឋកិច្ច។ ឥឡូវទំនប់ Pa Sak ពេញហើយបើបង្ហូរទឹកទៅខាងកើតនោះវានឹង ហូរទៅប្រឡាយ Rangsit។ ពេល ទឹក ជន់លិច ប្រឡាយ Phraya Banlue អ្នកក្រុងបាងកកត្រូវតែចាប់ផ្តើមរៀបចំការការពារខ្លួន។
ស្របពេលជាមួយគ្នានោះដែរ លោកបណ្ឌិត Seree បានអំពាវនាវដល់អាជ្ញាធរ រួមទាំងអភិបាលក្រុងបាងកក លោក Chadchart Sittipunt ផងដែរ ឲ្យមានតម្លាភាពអំពីទឹកជំនន់ និងវិធានការទប់ទល់។ លោកថារដ្ឋាភិបាលមិនបានបញ្ចេញព័ត៌មានច្បាស់លាស់ ដល់សាធារណជនទេ ហើយនៅតែប្រកាន់ខ្ជាប់ វិធានការចាស់ ១៣ ចំណុច ដែលមិនអាចផ្តល់ការការពារបាន។
ទោះបីជាយ៉ាងណាក៏ដោយអ្នកជំនាញបានធ្វើការទស្សន៍ទាយខុសៗគ្នាអំពីពេលវេលាដែលទីក្រុងបាងកក នឹងលិចបាត់។ នៅឆ្នាំ២០១៩ អ្នកស្រាវជ្រាវព្យាករថា បាងកក អាចលិចបាត់នៅឆ្នាំ២០៥០៕






ប្រភព Thaiger ប្រែសម្រួលដោយគីរីដងរែក




