(ឡុងដ៍)៖ អ្នកចាត់ការក្លិប Brentford លោក Thomas Frank បានដាក់តម្លៃខ្លួនកីឡាករចាំទី David Raya ក្នុងតម្លៃ ៤០លានផោន សម្រាប់លក់ចេញ។
ក្លិប Tottenham និង Manchester United មានព័ត៌មានច្រើនថាបានចាប់អារម្មណ៍លើកីឡាករសញ្ជាតិអេស្ប៉ាញ Raya ដែលកំពុងសល់រយៈពេល ១ឆ្នាំទៀត លើកិច្ចសន្យារបស់លោកជាមួយ Brentford ដោយបានបដិសេធលើការធ្វើកិច្ចសន្យាថ្មី។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានរក្សាមិនឲ្យមានគ្រាប់បាល់ចូលទីជាលើកទី ១២របស់លោកក្នុងរដូវកាលនេះ ក្នុងការប្រកួតឈ្នះ ១-០ លើក្រុម Manchester City កាលពីថ្ងៃអាទិត្យ ប៉ុន្តែលោក Frank បានកំណត់ថា អនាគតរបស់អ្នកចាំទីរូបនេះ ប្រហែលនៅក្លិបផ្សេង។
លោក Frank បានលើកឡើងថា «ខ្ញុំគិតថា យើងមានកីឡាករតែម្នាក់ទៀតប៉ុណ្ណោះសម្រាប់លក់។ ម្នាក់ដែលយើងនិយាយច្រើននោះ គឺ David គាត់មានតម្លៃ ៤០លានផោន ខ្ញុំគិតអីចឹង»។
លោក Frank ផ្ទាល់ក៏ស្ថិតក្នុងការចាប់អារម្មណ៍ ពីសំណាក់ក្លិបធំៗផងដែរ បន្ទាប់ពីបានដឹកនាំ Brentford បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៩ ក្នុងរដូវកាលទី២របស់ពួកគេ នៅលីគកំពូលអង់គ្លេស Premier League៕






ប្រែសម្រួលដោយគិរីដងរែក




