នាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal បាននិយាយនៅថ្ងៃអង្គារទី១៣ខែធ្នូនេះថា ប្រទេសអ៊ុយក្រែន ត្រូវការជំនួយបន្ទាន់ ១ពាន់លានដុល្លារអាមេរិក ដើម្បីតភ្ជាប់បណ្តាញអគ្គិសនី និងស្តារប្រព័ន្ធកម្តៅរបស់ខ្លួន ឲ្យត្រលប់មកដំណើរការធម្មតាឡើងវិញ។
នៅក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំរបស់អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ លោក Shmyhal បាននិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានធ្វើឲ្យខូចខាតដល់ពាក់កណ្តាលនៃ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេស។
លោក បន្ត ថា “ការងារស្តារឡើងវិញតម្រូវឲ្យមានដំណើរការ បីដំណាក់កាល។ ប៉ុន្តែអាទិភាពចម្បងឥឡូវនេះគឺដំណាក់កាលនៃការរស់រានមានជីវិត ពោលគឺស្តារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងវិស័យថាមពលឲ្យបានឆាប់រហ័សដើម្បីឆ្លងកាត់រដូវរងាឲ្យបាន”។
លោក Shmyhal បន្ថែមថា “ការចំណាយចំពោះជំនួយបន្ទាន់ សម្រាប់វិស័យថាមពលគឺមានប្រហែល៥០០លានដុល្លារ ខណៈការចំណាយចំពោះជំនួយបន្ទាន់ សម្រាប់វិស័យកម្តៅគឺប្រហែល ៥០០លានដុល្លារទៀត”។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកលើស្ថានីយថាមពលអ៊ុយក្រែន និងទីតាំងផ្សេងទៀតស្ទើរតែរៀងរាល់សប្តាហ៍ ចាប់តាំងពីខែតុលាមក៕



ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក




