ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ីជាង ៨០ គ្រឿងក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃឆ្នាំ ២០២៣ នេះ ។
ការអះអាងរបស់លោក Zelensky បានកើតឡើង ស្របពេលដែលកងកម្លាំងអ៊ុយក្រែនបានបាញ់មីស៊ីលចេញពីប្រព័ន្ធ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក វាយប្រហារបន្ទាយទាហានបណ្ដោះអាសន្ន និងបានសម្លាប់កងកម្លាំងរុស្ស៊ីជិត ៩០ នាក់ក្នុងទីក្រុង Makeyevka នៃសាធារណរដ្ឋប្រជាមានិត Donetsk កាលពីថ្ងៃទី១ ខែមករា ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស លោកឧត្តមសេនីយ៍ឯក Igor Konashenkov បានឲ្យដឹងថា នេះជាការបាត់បង់ជីវិតច្រើនបំផុតដែលត្រូវបានរាយការណ៍ដោយក្រសួងការពារជាតិរុស្ស៊ី នៅក្នុងជម្លោះដែលអូសបន្លាយ ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ជាឲ្យកងទ័ពរុស្ស៊ីចូលលុកលុយអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមុន ។
គួរបញ្ជាក់ថា ការបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ីជាបន្តបន្ទាប់ពីសំណាក់កងកម្លាំងអ៊ុយក្រែន ស្របពេលដែលយោធារុស្ស៊ីបានបន្តបើកការវាយប្រហារលើទីក្រុងនានា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអ៊ុយក្រែនសម្រាប់ឆ្នាំថ្មីនេះ ៕



ប្រែសម្រួលដោយគីរីដងរែក




