រុស្ស៊ី និងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃទី៣ ខែមករាថា ពួកគេបានផ្លាស់ប្ដូរទាហាន ឈ្លើយសឹកជាប់ឃុំរាប់រយនាក់ ដែលជាការប្រកាសជាសាធារណៈលើកដំបូង អំពីការដោះដូរអ្នកទោសសង្គ្រាមក្នុងរយៈពេលជិត៥ខែ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្ដូររាប់សិបដង នៅទូទាំងការលុកលុយរយៈពេល22ខែរបស់ទីក្រុងម៉ូស្គូ ប៉ុន្តែដំណើរការនេះបានជាប់គាំង នៅពាក់កណ្តាលចុងក្រោយនៃឆ្នាំមុន។
នៅក្នុងសេចក្ដីថ្លែងការណ៍ស្ទើរតែដំណាលគ្នា ក្រសួងការពារជាតិរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែនលោក VolodymyrZelensky បានប្រកាសថា ពួកគេបានទទួលទាហានជាង ២០០នាក់ក្នុងភាគីនីមួ យៗ។ លោក Zelenskyy បាននិយាយនៅលើ Telegram ដោយបង្ហោះវីដេអូនៃបុរស ស្លៀកពាក់ឯកសណ្ឋាន អបអរសាទរថា “ទាហាន និងជនស៊ីវិលរបស់យើងជាង 200នាក់ ត្រូវបានបញ្ជូនមកវិញពីការជាប់ ឃុំឃាំងរបស់រុស្ស៊ី”។
លោក Dmytro Lubinets អ្នកឃ្លាំមើលសិទ្ធិមនុស្សរបស់ ប្រទេសអ៊ុយក្រែន បាននិយាយថា ទាហានអ៊ុយក្រែន 230 នាក់ ត្រូវបានដោះលែងជា សរុប ដែលជាការផ្លាស់ប្តូរលើកទី49 រវាងភាគីទាំងពីរ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បាននិយាយថា ទាហានរបស់ខ្លួន248នាក់ ត្រូវបានបញ្ជូនត្រឡប់មកវិញនៅក្នុងកិច្ចព្រមព្រៀងមួយ ដែលបានកើតឡើងបន្ទាប់ពីការចរចាស្មុគស្មាញ ដែលសម្របសម្រួលដោយប្រទេសអារ៉ាប់រួម។
ភាគីទាំងពីរ មិនបង្ហាញថាមានអ្នកទោសប៉ុន្មាននាក់ទេក្នុងមន្ទីរឃុំឃាំងរបស់ពួកគេ។ ចំណោមទាហានអ៊ុយក្រែន ដែលត្រូវបានក្នុងដោះលែងមាន 66 នាក់ មកពីទីក្រុងMariupol ដែលបានធ្លាក់ទៅកងកម្លាំងរុស្ស៊ីក្នុងខែឧសភា ឆ្នាំ2022។ ទាហានអ៊ុយក្រែនរាប់សិបនាក់ ដែលបានប្រយុទ្ធនៅMariupol ត្រូវបានកាត់ទោសដោយប្រទេសរុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅក្នុងដំណើរការតុលាការដែលថ្កោលទោសដោយអ៊ុយក្រែន និងក្រុមសិទ្ធិមនុស្សថា ខុសច្បាប់៕



ប្រភព NY Time ប្រែសម្រួលដោយគិរីដងរែក




