នៅនិទាឃរដូវឆ្នាំ២០២២ ប្រទេសប៉ូឡូញបានបញ្ជូនយន្តហោះចម្បាំង MiG-29 ជាច្រើនគ្រឿងទៅឲ្យអ៊ុយក្រែនដោយសម្ងាត់ ថ្វីបើរដ្ឋាភិបាលទីក្រុងវ៉ាសូវី បដិសេធកិច្ចព្រមព្រៀងបែបនេះក៏ដោយ។
យោងតាមកាសែត Dziennik Gazeta Prawna (DGP), យន្តហោះទាំងនោះមិនមែនបញ្ជូនទៅទាំងមូលនោះទេ ពោលគឺបញ្ជូនដោយផ្នែកៗ ហើយប្រកាសថាជាគ្រឿងបន្លាស់។
ដោយដកស្រង់ប្រភពនៅក្នុងរដ្ឋាភិបាលប៉ូឡូញ កាសែត DGP បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែមករាថា “តួយន្តហោះ និងស្លាប ក៏ត្រូវបានបញ្ជូនក្រោមលេសបិទបាំងថាជាគ្រឿងបន្លាស់ផងដែរ”។
កាលពីខែមីនាឆ្នាំ២០២២, ទីក្រុងវ៉ាស៊ីនតោន បានច្រានចោលផែនការផ្ទេរយន្តហោះចម្បាំងប៉ូឡូញ MiG-29 ទៅឲ្យអ៊ុយក្រែន ដោយបញ្ជាក់ថា ទង្វើបែបនេះនឹងបង្កឲ្យមានភាពតានតឹងខ្លាំងបំផុត ហើយប្រថុយធ្វើឲ្យសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តណាតូ ជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះ ដែលអាចបង្កឲ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ នៅខែមេសា មន្ទីរបញ្ចកោណនិយាយថា សម្ព័ន្ធមិត្តអាមេរិកដែលមិនបញ្ចេញឈ្មោះ បានជួយជំរុញកងនាវាចម្បាំងរបស់អ៊ុយក្រែន ដោយការបរិច្ចាគគ្រឿងបន្លាស់ ដែលត្រូវបានប្រើដើម្បីជួសជុលយន្តហោះខូចជាច្រើនគ្រឿងរបស់ទីក្រុង កៀវ។
សេចក្តីរាយការណ៍នេះកើតឡើង ចំពេលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា លោកក៏ចង់ឲ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងជំនាន់ទី៤ បន្ទាប់ពីទទួលបានរថក្រោះទំនើប។
នៅក្នុងសុន្ទរកថាពេលរាត្រី លោក Zelensky លើកឡើងថា “ខ្ញុំបាននិយាយជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg នៅថ្ងៃនេះ។ យើងក៏ត្រូវតែបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់អ៊ុយក្រែនផងដែរ។ នោះជារឿងសំខាន់ យើងត្រូវតែពង្រីកកិច្ចសហប្រតិបត្តិការរបស់យើង។ នេះគឺជាសុបិន ហើយនេះគឺជាកិច្ចការមួយ”៕




ប្រភព RT ប្រែសម្រួលដោយគីរីដងរែក




