ក្រសួងការពារជាតិអង់គ្លេសបានបញ្ជាក់ថា ចក្រភពអង់គ្លេស កំពុងផ្គត់ផ្គង់មីស៊ីលនាំផ្លូវដោយឡាស៊ែរដ៏ទំនើបប្រភេទ Brimstone 2 ទៅឲ្យអ៊ុយក្រែន មិនខ្វល់ទៅនឹងការព្រមានម្តងហើយម្តងទៀតពីសំណាក់ទីក្រុងមូស្គូ អំពីហានិភ័យនៃការបង្កជម្លោះដោយផ្ទាល់រវាងអង្គការណាតូ និងប្រទេសរុស្ស៊ី។
ក្រសួងបានបង្ហោះវីដេអូឃ្លីបនៅលើ Twitter កាលពីថ្ងៃអាទិត្យទី២៧ខែវិច្ឆិកា ដោយបង្ហាញមីស៊ីល កំពុងត្រូវបានដឹកបញ្ជូនពីមូលដ្ឋានទ័ពអាកាស Brize Norton ក្នុងទីក្រុង Oxfordshire ទៅកាន់អាកាសយានដ្ឋានដែលមិនបង្ហាញឈ្មោះ។
ក្រសួងនិយាយថា មីស៊ីលនេះ គឺជាផ្នែកនៃ “កញ្ចប់ជំនួយ” របស់ចក្រភពអង់គ្លេសឲ្យអ៊ុយក្រែន។ ជំនួយនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបញ្ឈប់ការលុកលុយរបស់រុស្ស៊ី។
តាមសេចក្តីរាយការណ៍ កងកម្លាំងចក្រភពអង់គ្លេស បានចាប់ផ្តើមផ្គត់ផ្គង់មីស៊ីល Brimstone Version ចាស់ ដល់អ៊ុយក្រែន កាលពីនិទាឃរដូវឆ្នាំមុន។ បុន្តែ មីស៊ីល Brimstone 2 នេះ គឺទំនើបជាង Version ចាស់ ឆ្ងាយណាស់ ពោលគឺវាអាចហោះបានឆ្ងាយជាង Version ចាស់ ដល់ទៅ៣ដង។
មីស៊ីលតម្លៃជាង២១ម៉ឺនដុល្លារក្នុងមួយគ្រាប់ប្រភេទនេះ ត្រូវបានរចនាឡើង សម្រាប់ការបាញ់ចេញពីយន្តហោះ ដើម្បីវាយប្រហារគោលដៅនៅលើដី។ ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពជើងគោកអ៊ុយក្រែន បានប្រើប្រាស់មីស៊ីលនេះនៅលើរថយន្តដែលកែច្នៃ ដោយភាគច្រើនបាញ់សំដៅទៅរថក្រោះ និងរថពាសដែកផ្សេងទៀត។
គួរបញ្ជាក់ថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ កាលពីដើមខែនេះ នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានបង្ហាញកញ្ចប់ជំនួយយោធាថ្មីមួយ ដែលមានតម្លៃ ៦០លានដុល្លារ។
វិមានក្រឹមឡាំងបានព្រមានថា នៅពេលដែលសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសមាជិកណាតូផ្សេងទៀត ផ្គត់ផ្គង់សព្វាវុធទំនើបៗដល់អ៊ុយក្រែន ពួកគេកំពុងអូសបន្លាយជម្លោះ និងប្រថុយប្រថាន ប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី៕




ប្រែសម្រួលដោយគីរីដងរែក




