ភ្នំពេញ ៖ លោកស្រី យី សុខវួច ជា ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានបង្គាប់ឲ្យឃុំខ្លួន លោក ចាវ សុជាតិ ជាអគ្គនាយកក្រុមហ៊ុនបុរី «CS » នៅក្នុងក្នុង ពន្ធនាគារ PJ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងបទល្មើសចេញសែកស្អុយ ដែលមានទឹកប្រាក់ចំនួន សរុបជាង២៥ម៉ឺនដុល្លា ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២២ ។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមស៊ើបសួរ លោកស្រី យី សុខវួច ចុះកាលបរិច្ឆេទ ថ្ងៃ ទី ០៨ ខែ មេសា ឆ្នាំ ២០២២ បានអោយដឹងថា នៅក្នុងសំណុំរឿងក្តីនេះ ជនត្រូវចោទឈ្មោះ ចាវ សុជាតិ ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរលក់ដីឡូត៍ មានទីលំនៅ ភូមិភ្នំពេញថ្មី, សង្កាត់ភ្នំពេញថ្មី, ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានតំណាង អយ្យការចោទ ប្រកាន់ពីបទ: «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍ អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។
យោងតាមបទចោទប្រកាន់ខាងលើនេះ ជនជាប់ចោទ អាចប្រឈមនឹងការជាប់ពន្ធនាគារ ចន្លោះ ពី ១ ទៅ ២ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពី ពិរុទ្ធភាព ដូចការចោទប្រកាន់របស់គាត់ខាងលើ ។
ដោយគិរីដងរែក