មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមបង្រៀនកងកម្លាំងអ៊ុយក្រែនឲ្យចេះប្រើប្រព័ន្ធខែលការពារដែនអាកាស Patriot នៅឯមូលដ្ឋានយោធា Fort Sill ក្នុងរដ្ឋ Oklahoma នាសប្តាហ៍ក្រោយ ដើម្បីទប់ទល់នឹង រុស្ស៊ី ។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកមេបញ្ជាការ Pat Ryder បានប្រាប់អ្នកសារព័ត៌មានថា “ការបង្ហាត់បង្រៀននេះនឹងប្រើរយៈពេលច្រើនខែ ហើយនឹងបង្វឹកលើទាហានអ៊ុយក្រែនប្រមាណពី ៩០ ទៅ ១០០ នាក់ ដើម្បីឲ្យចេះទាំងប្រតិបត្តិការ ការថែរក្សា និងជំនាញពាក់ព័ន្ធផ្សេងទៀតលើប្រព័ន្ធខែលការពារដែនអាកាស Patriot ” ។
ការបង្ហាត់បង្រៀននេះកើតឡើង បន្ទាប់ពីកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ លោកប្រធានាធិបតីអាមេរិក Joe Biden បានប្រកាសកញ្ចប់ជំនួយយោធាចំនួន ១.៨៥ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់អ៊ុយក្រែន រួមទាំងខែលការពារមីស៊ីល Patriot ផងដែរ ។
គួរបញ្ជាក់ថា ការ ប្រកាសផ្ដល់ជំនួយ នេះបាន ធ្វើ ឡើង ក្នុង អំឡុង ពេល សន្និសីទ សារព័ត៌មានរបស់លោក Biden រួម ជាមួយ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky នៅឯសេតវិមាន ៕



ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក




