អ៊ុយក្រែន ពិតជាត្រូវបានគ្រប់គ្រងពីសហរដ្ឋអាមេរិក និងត្រូវបានប្រើប្រាស់ជាឈ្នាន់ប្រឆាំងនឹងប្រទេសរុស្ស៊ីមែន។ នេះបើតាមសម្តីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថ្លែងនៅក្នុងកិច្ចប្រជុំនៃប្រធានសន្តិសុខ និងសេវាកម្មពិសេសរបស់ CIS កាលពីថ្ងៃពុធទី២៦ខែតុលា។
មេដឹកនាំរុស្ស៊ីនិយាយថា “អ្វីដែលពួកគេ កំពុងព្យាយាមសម្រេចឲ្យបាន គឺត្រូវបានគេមើលឃើញយ៉ាងច្បាស់នៅក្នុងប្រទេសអ៊ុយក្រែន។ អ៊ុយក្រែន បានក្លាយជាឧបករណ៍នៃគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក។ ប្រទេសនេះ ពិតជាបានបាត់បង់អធិបតេយ្យភាព និងត្រូវបានគ្រប់គ្រងដោយផ្ទាល់ដោយសហរដ្ឋអាមេរិក ដែលប្រើជាកំពែងប្រឆាំងនឹងរុស្ស៊ី និងប្រឆាំងនឹងរដ្ឋសហភាពរបស់យើង ដូចជាសាធារណរដ្ឋបេឡារុស និង CSTO ក៏ដូចជា CIS ដែរ”។
លោកពូទីននិយាយថា “ស្ទើរតែភ្លាមៗ ទឹកដីអ៊ុយក្រែន ត្រូវបានប្រែក្លាយទៅជាកន្លែងសាកល្បងសម្រាប់ការពិសោធន៍ជីវសាស្ត្រយោធា។ សាច់ដុំយោធាអ៊ុយក្រែន កំពុងត្រូវបានពង្រឹងដោយអាវុធធុនធ្ងន់។ បំណង ចង់ បាន អាវុធ នុយក្លេអ៊ែរ របស់ របប ក្រុងកៀវ ត្រូវ បាន គេ ទុកចោល។ អាជ្ញាធរក្រុងកៀវ បានប្រកាសចេតនានេះ ជាសាធារណៈ ប៉ុន្តែគ្រប់គ្នានៅស្ងៀម។ អ៊ុយក្រែនក៏មានគម្រោងប្រើប្រាស់អ្វីដែលគេហៅថា “គ្រាប់បែកកខ្វក់” សម្រាប់ការបង្កហេតុផងដែរ”។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ជាមួយយោធាគួរបញ្ជាក់ថា CSTO គឺជាអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព ដែលរួមមានរដ្ឋក្រោយសូវៀតចំនួន៦គឺ អាមេនី បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន រុស្ស៊ី និងតាហ្ស៊ីគីស្ថាន។
ចំណែក CIS គឺជាអង្គការ រដ្ឋឯករាជ្យ Commonwealth ដែលមានសមាជិកចំនួន៩គឺ អាមេនី អាស៊ែបៃហ្សង់ បេឡារុស កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ម៉ុលដាវី រុស្ស៊ី តាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន៕
ប្រភព Aljazeera ប្រែសម្រួលដោយគីរីដងរែក